ពីប្រទេសជប៉ុន ឧកញ៉ា នួន រិទ្ធី ចែករំលែក ៦ចំណុច អំពីការសន្សំបុណ្យ

ជុំវិញ​ឧកញ៉ា

ក្នុងដំណើរ​ទស្សនកិច្ចលក្ខណៈគ្រួសារ​នៅ​ទឹកដី​ប្រទេស​ជប៉ុន លោក​ឧកញ៉ា នួន រិទ្ធី ​​​​អគ្គនាយក​ក្រុមហ៊ុន KFA Group​ បាន​ឆ្លៀត​ចែករំលែក​​គន្លឹះ​ ៦ចំណុច អំពីការសន្សំបុណ្យ ដើម្បី​ចូលរួម​កសាង​អំពើ​ល្អ​ក្នុង​​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា​ស្ថាបនិកបុរី កៀនស្វាយផាក បាន​លើកឡើង​នៅ​បណ្តាញ​សង្គម ​កាលពី​​​​ថ្ងៃ​ពុធ​ម្សិលមិញ​ថា បើ​ទោះ​បីនៅទីណាក៏ដោយ ក៏​លោក​​​តែងមានសទ្ធារជ្រះថ្លាភ្ជាប់និស្ស័យទៅនិងព្រះពុទ្ធសាសនា ខណៈ​ដែល​ពេល​នេះ​ លោក​និងភរិយា​បានចូលជាបច្ច័យ​កសាងក្បឿង​១សន្លឹក សម្រាប់​ទុកជួសជុលមហាព្រះវិហ៊ាព្រះអង្គធំ Nara Japan។

ឧកញ៉ា នួន រិទ្ធី បាន​បន្ត​ថា ជាការចែករំលែករបស់លោក​ក្នុងការសន្សំបុណ្យ មានជាចំណុចខ្លះៗដូច​ខាង​ក្រោម៖
១.ប្រកាន់នូវចិត្តមេត្តា និងសន្តោសប្រណីដ៏សានុជនទាំងពួងក្នុងផ្លូវល្អដោយកាយវាចានិងចិត្ត។
២.ការសន្សំបុណ្យតិចឬច្រើន​តាមសទ្ធាជ្រះថ្លាគ្រប់រូបភាព ការសាងអំពើល្អចំពោះសង្គមគ្រួសារ សហគមន៍​យើង សាសនាយើង ប្រទេសយើង ដោយការជួយឧប្ថមជាបច្ច័យក្តីដោយកំលាំងក្តី។
៣.ការកសាងបុណ្យយើងពុំចាំបាច់រង់ចាំពេលនេះពេលនោះទេ ជួបប្រទះអ្វីដែលបានផុសចេញ​ពីចិត្ត​និងជ្រះថ្លា​ ហើយចូរធ្វើបុណ្យដាក់ទាន​តិចឬ​ច្រើន បុណ្យទាំងឡាយណានោះនឹងទៅរង់ចាំយើងមុនបាត់ទៅហើយ។
៤.ទម្លាប់​ធ្វើបុណ្យនិងដាក់ទានជារឿយៗដោយសទ្ធា និង​ដោយមិនទាមទារផលតបស្នង។
៥.ជួយផ្តល់ដំបូន្មានល្អៗ និងជួយផ្តល់យោបល់ល្អ ​លើកទឹកចិត្តដ៏មនាលជនទាំងឡាយខ្វះនូវបញ្ញា ដើម្បីបើកនូវ​ទិព្វបញ្ញារបស់ពួកគាត់អោយភ្លឺស្វាងឡើង ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង​ក្នុងតែមួយកណៈ​ចិត្ត​នោះ។
៦.សម្រាប់​លោក​ធ្វើបុណ្យមួយទៀត គឺព្យាយាមញញឹមដាក់មនុស្សគ្រប់រូបដែលលោក​បានជួប។

សូមជម្រាប​ថា លោកឧកញ៉ា​ នួន​ រិទ្ធី​ ជាបុគ្គលម្នាក់​ ដែល​កើតក្នុងត្រកូលគ្រួសារក្រីក្រតែ​ខំប្រឹងប្រែង​តស៊ូ​ ​ដោយ​ធ្លាប់​ធ្វើជាកម្មករសំ​ណង់​ និងលក់កាសែត​ កាល​ជាង​២០ឆ្នាំមុន​ ដើម្បីយកលុយទៅរៀនបន្ត រហូតទទួលបាន​ផ្លែផ្កាក្លាយជា​ឧកញ៉ា​ដូច​សព្វថ្ងៃនេះ។ នៅ​ឆ្នាំ២០១៥ លោក​បាន​បើក​ក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ទិញលក់ និងបម្រើសេវាកម្មលើផ្នែកអចលនវត្ថុផ្សេងៗ ហើយ​លោក​ឧកញ៉ា​ក៏​ជា​ម្ចាស់ បុរី កៀនស្វាយផាក ផង​ដែរ៕