មហាសេដ្ឋីអាមេរិក លោក Mark Zuckerberg បានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Meta Platforms រយៈពេល ២ខែចុងក្រោយនៃឆ្នាំ២០២៣ ប្រមាណ ១,២៨លានហ៊ុន សរុបជាទឹកប្រាក់បានប្រហែល ៤២៨លានដុល្លារអាមេរិក។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា មេធំ Facebook ចាប់ផ្ដើមលក់ភាគហ៊ុនជារៀងរាល់ថ្ងៃ ពីថ្ងៃទី០១ ខែវិច្ឆិកា រហូតដល់ថ្ងៃដាច់ឆ្នាំតែម្ដង ហើយការលក់ម្ដងៗគឺទទួលបានទឹកប្រាក់ជាមធ្យម ១០,៤លានដុល្លារ។
រំលឹកដែរថា Mark Zuckerberg ទើបនឹងសម្រេចចិត្តលក់ភាគហ៊ុនរយៈពេល ២ខែចុងក្រោយនៃឆ្នាំ២០២៣ ប៉ុណ្ណោះ បន្ទាប់ពីខកខានលក់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារកាលនោះ តម្លៃហ៊ុនរបស់ Facebook បានធ្លាក់ដល់ចំណុចទាបបំផុត។
ជម្រាបបន្ថែមថា បច្ចុប្បន្នលោក Mark Zuckerberg មានចំណែកភាគហ៊ុនគ្រប់គ្រងប្រហែល ១៣% និងមានទ្រព្យសម្បត្តិសរុបប្រមាណ ១២៥ពាន់លានដុល្លារ ក្លាយជាមហាសេដ្ឋីមានបំផុតលើលោកទី៧ ក្នុងតារាងបញ្ជីរៀបរៀងដោយគេហទំព័រ Bloomberg Billionaires Index៕