ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃ បានបង្ហាញក្តីរំពឹងទុកខ្ពស់ថានឹងទទួលបានប្រាក់ចំណូលដល់ទៅ ៣០០ពាន់លានបាត (ជាង ៨,៧ពាន់លានដុល្លារ) ពីការនាំចេញផ្លែឈើស្រស់ និងផ្លៃឈើកែច្នៃរបស់ខ្លួន នៅឆ្នាំ ២០២៤ នេះ បន្ទាប់ពីបានមើលឃើញថាកំពុងមានតម្រូវការដ៏រឹងមាំ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។
លោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំកិច្ចប្រជុំរួមជាមួយមន្ត្រីក្រសួង និងអ្នកតំណាងទាក់ទងនឹងការនាំចេញផ្លែឈើ ក្នុងពេលថ្មីៗនេះ បានបង្ហាញសុទិដ្ឋិនិយមចំពោះការនាំចេញផ្លែឈើរបស់ខ្លួន ដោយរំពឹងថានឹងកើនឡើង ៤% ទាំងបរិមាណ និងតម្លៃសម្រាប់ការនាំចេញផ្លែឈើស្រស់ និងកែច្នៃ។
គួរឲ្យដឹងថាការនាំចេញផ្លែឈើស្រស់តែមួយ ត្រូវបានរំពឹងថានឹងកើនឡើង ៤% ក្នុងបរិមាណដល់ចំនួន ២,១ លានតោន ជាមួយនឹងតម្លៃដែលរំពឹងទុកថានឹងកើនឡើង ៥% ដល់ ១៧៥ពាន់លានបាត។
ចំពោះទីផ្សារសំខាន់ៗដែលថៃ បាននាំចេញផ្លែឈើរបស់ខ្លួនទៅច្រើនបំផុត គឺប្រទេសចិន ដែលទទួលបាន ៧៥% នៃការនាំចេញសរុប បន្ទាប់មកគឺសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងហុងកុង។
យោងតាមទិន្នន័យរបស់ក្រសួង បានបង្ហាញឲ្យដឹងទៀតថាប្រទេសថៃ បាននាំចេញការនាំចេញផ្លែឈើស្រស់ និងកែច្នៃមានតម្លៃសរុប ២៨៤ពាន់លានបាត ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០២៣ ជាមួយនឹងផ្លែឈើស្រស់ផ្តល់ប្រាក់ចំណូល ១៧៨ពាន់លានបាត ខណ:ផ្លែឈើកក និងស្ងួតរកបានចំណូល ៥០,១ពាន់លានបាត៕