ក្រុមហ៊ុន Toyota Motor North America កាលពីថ្ងៃពុធ ទី៣ ខែមករាកន្លងទៅ បានរាយការណ៍ពីលក់របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកកើនឡើង ៦,៦% ក្នុងឆ្នាំ ២០២៣ ដោយសារតែទទួលបានអត្ថប្រយោជន៍ពីតម្រូវការដ៏ច្រើន សម្រាប់រថយន្តម៉ូដែលប្រភេទ Sedans និងប្រភេទ Crossover SUVs ដែលមានតម្លៃទាបរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនមេ Toyota Motor Corp មួយនេះ បានលក់រថយន្តចេញចំនួន ២,២៥ លានគ្រឿង ក្នុងឆ្នាំ ២០២៣ បើធៀបនឹងចំនួនលក់បានប្រហែល ២,១ លានគ្រឿងកាលពីឆ្នាំ ២០២២។
ដោយឡែកសម្រាប់ការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Toyota វិញ បានកើនឡើងជិត ៣១% បើធៀបនឹងឆ្នាំ ២០២២ ដែលចំនួននេះមានជិត ៣០% នៃការលក់រថយន្តសរុបគ្រប់ប្រភេទទាំងអស់របស់ក្រុមហ៊ុនខ្នាតយក្សជប៉ុនមួយនេះ។
ជម្រាបជូនផងដែរថា Toyota ដែលមានទីស្នាក់ការកណ្តាលនៅអាមេរិកខាងជើង ក្នុងទីក្រុង Plano និងមានរោងចក្រផលិតដែលកំពុងមានបុគ្គលិកចំនួន ៣ ៨០០ នាក់ នៅទីក្រុង San Antonio កំពុងផ្តោតកាន់តែខ្លាំងលើការផលិតរថយន្តអគ្គិសនីរបស់ខ្លួន ដែលស្មើនឹងជិតមួយភាគបីនៃការលក់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន៕