មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំអាមេរិក ប្រកាសលាលែងពីតំណែង

អន្តរជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំសហរដ្ឋអាមេរិក លោក Tariq Habash បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃពុធ ទី៣ ខែមករា ដោយលើកឡើងពីការបរាជ័យរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃដិន ក្នុងការការពារជនស៊ីវិលស្លូតត្រង់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ជុំវិញការវាយប្រហារពីសំណាក់ប្រទេសអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងលិខិតមួយ ដែលបានផ្ញើទៅកាន់លេខាធិការក្រសួងអប់រំ លោក Tariq Habash ដែលជាទីប្រឹក្សាគោលនយោបាយនៅក្នុងការិយាល័យផែនការ ការវាយតម្លៃ និងការអភិវឌ្ឍគោលនយោបាយរបស់ក្រសួង បានសរសេរថា ៖ ” ខ្ញុំមិនអាចនៅស្ងៀមបានទៀតទេ ដោយសាររដ្ឋបាលនេះបិទភ្នែកចំពោះអំពើឃោរឃៅដែលបានប្រព្រឹត្តលើជីវិតជនជាតិប៉ាឡេស្ទីនស្លូតត្រង់។ ដែលនេះគឺជាអំពើប្រល័យ​ពូជសាសន៍​បង្ករ​ឡើងដោយ​រដ្ឋាភិបាល​អ៊ីស្រាអែល “។

ជុំវិញការលាលែងពីតំណែងរបស់លោក Habash នេះ គឺជាសញ្ញាចុងក្រោយមួយនៃការអសមត្ថភាព ក្នុងជួរនៃរដ្ឋបាលរបស់លោក ចូ បៃដិន ជុំវិញការដោះស្រាយលើសង្រ្គាមដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើអ៊ីស្រាអែល។

យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយប្រហារតបតរបស់អ៊ីស្រាអែល បានបណ្តាលឱ្យមានមនុស្សស្លាប់ជាង ២១ ០០០ នាក់នៅក្នុងតំបន់ហ្កាហ្សា ដែលនេះបានជំរុញឲ្យមន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក បៃដិន ជំរុញមានដំណោះស្រាយបន្ថែមទៀត ដើម្បីការពារជីវិតជនស្លូតត្រង់នៅក្នុងតំបន់នោះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់អះអាងថា សេតវិមានមិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងនាមជាអ្នកផ្តល់ផលប្រយោជន៍ផ្នែកយោធាដ៏សំខាន់របស់អ៊ីស្រាអែល ដើម្បីដោះស្រាយបញ្ហានេះនោះឡើយ ដោយពួកគេតែងផ្តល់ជំនួយយោធាហូរហែទៅកាន់ប្រទេសអ៊ីស្រាអែល ជាជាងជួយប្រជាជននៅតំបនម់ហ្កាហ្សា។
ជុំវិញបញ្ហានេះ លោក Habash បានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះរដ្ឋបាលលោក បៃដិន ដែលបរាជ័យក្នុងការទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ដែលកំពុងកើតឡើងនៅតំបន់ហ្កាហ្សា។

ទន្ទឹមនេះ លោក Habash ក៏បានសរសេរក្នុងលិខិតមួយ ជុំវិញការលាលែងចេញពីតំណែងរបស់ខ្លួនថា ៖“ខ្ញុំមិនអាចនៅស្ងៀមស្ងាត់បានទេ ដោយសាររដ្ឋបាលបរាជ័យក្នុងការប្រើឥទ្ធិពលរបស់ខ្លួនក្នុងនាមជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់អ៊ីស្រាអែល ដែលបានកាត់ផ្តាច់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាពីការផ្គត់ផ្គង់អាហារ ទឹក អគ្គិសនី ប្រេងឥន្ធនៈ និងការផ្តល់ជំនួយវេជ្ជសាស្រ្ត ដែលនាំឲ្យកើតមានជំងឺរីករាលដាល និងភាពអត់ឃ្លាន” ៕