គម្រោងវិនិយោគសាងសង់អគារភ្លោះ ខ្ពស់កប់ពពកមួយទៀត នឹងលេចឡើងនៅក្នុងខេត្តកំពង់ស្ពឺ នាពេលខាងមុខ។ នេះបើតាមប្រសាសន៍ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ។
លោក វ៉ី សំណាង បន្ថែមថា អគារភ្លោះ នឹងត្រូវសាងសង់នៅកណ្តាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយវិនិយោគិនខ្មែរ ខណៈការសិក្សាពីគម្រោង និងប្លង់បានបញ្ចប់រួចរាល់ហើយ ដោយរង់ចាំតែការសម្រេច ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។ លោកថាការសាងសង់អគារភ្លោះខ្ពស់កប់ពពកនេះ ក៏ជាការទាក់ទាញវិយោគិនកាន់តែច្រើនឡើង មកបណ្តាក់ទុនក្នុងខេត្តកំពង់ស្ពឺផងដែរ ខណៈកំពង់ស្ពឺ គឺជាតំបន់តភ្ជាប់រវាងប៉ូលសេដ្ឋកិច្ចសំខាន់ពីររបស់កម្ពុជា គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
លោកអភិបាលខេត្តកំពង់ស្ពឺ ថ្លែងថា៖ “ឥឡូវនេះវាពាក់ព័ន្ធនឹងបញ្ហាដីធ្លី ដែលយើងត្រូវយកកន្លែងរបស់រដ្ឋពីរកន្លែង ដើម្បីធ្វើការសាងសង់។ ការសាងសង់នេះ គឺជាការទាក់ទាញមួយឱ្យអ្នកវិនិយោគសម្លឹងមើលឃើញសក្តានុពលសេដ្ឋកិច្ចកម្ពុជា ថាពិតជាខ្លាំង ដែលមិនធ្លាប់មានអស់រយៈពេលជាង ៥០០ឆ្នាំកន្លងមកហើយ”។
ដោយមិនបានបញ្ជាក់ឈ្មោះក្រុមហ៊ុនបោះទុនវិនិយោគ និងទំហំទឹកប្រាក់ លោកអភិបាលខេត្តបានឱ្យដឹងថា អគារភ្លោះនេះទី១ មានកម្ពស់ ៣២ជាន់ និងទី២ មានកម្ពស់ ៦៤ជាន់ ដោយមានផ្សារទំនើប អគារការិយាល័យ និងកន្លែងកម្សាន្តជាដើម។
ក្រៅពីអគារពាណិជ្ជកម្មខាងលើ កំពង់ស្ពឺ ក៏ជាខេត្តដែលកំពុងតែមានសក្តានុពលផ្នែករោងចក្រឧស្សាហកម្ម និងកសិឧស្សាហកម្មខ្ពស់ជាងខេត្តនានាផងដែរ ជាក់ស្តែងកាលពីថ្ងៃទី ៩-១០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ លោក វ៉ី សំណាង ដែលបានបំពេញទស្សនកិច្ចនៅខេត្តក្វាងទុង សាធារណៈរដ្ឋប្រជាមានិតចិន បានអះអាងថា ប្រតិភូកម្ពុជាបានទទួលលទ្ធផលជាវិជ្ជមាន ដោយទទួលការវិនិយោគបន្ថែម និងធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើច្រើន ព្រមទាំងការអភិវឌ្ឍរោងចក្រយីហោល្បីៗចំនួន ៩ក្រុមហ៊ុន ក្នុងនោះរាប់បញ្ចូលទាំងក្រុមហ៊ុនទូរសព្ទចំនួន ២គឺ OPPO និង VIVO ដែលសរុបទុនវិនិយោគខ្ទង់ពាន់លានដុល្លារអាមេរិក សម្រាប់មកវិនិយោគក្នុងទឹកដីខេត្តកំពង់ស្ពឺឆ្នាំ ២០១៩ នេះ៕
ប្រភព៖ Sabay News អត្ថបទ៖ សុផល