យោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក Sandiaga Uno បានបង្ហាញឲ្យដឹងថា វិស័យទេសចរណ៍របស់ខ្លួន រំពឹងអាចកើបប្រាក់ចំណូលបន្ថែមដល់ ២៥ពាន់លានដុល្លារ តាមរយ:ការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ជនបរទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
លោក Sandiaga បាននិយាយទៀតថា រដ្ឋាភិបាលឥណ្ឌូនេស៊ី មានបំណងពង្រីកគោលនយោបាយលើកលែងទិដ្ឋាការនេះ ដល់ភ្ញៀវទេសចរមកពីប្រទេស និងដែនដីចំនួន ២០ ជាមួយនឹងគោលបំណងជំរុញការមកដល់របស់ភ្ញៀវទេសចរ និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍។
គួរឲ្យដឹងផងដែរថា គោលនយោបាយលើកលែងទិដ្ឋាការនេះ គឺនឹងមិនរាប់បញ្ចូលសមាជិកទាំងប្រាំបួននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នោះឡើយ ដោយសារតែប្រទេសទាំងនោះ សុទ្ធតែបានទទួលផលប្រយោជន៍រួចហើយពីការផ្តល់ស្រដៀងគ្នានេះ នៅក្រោមសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
ជម្រាបជូនផងដែរថា កាលពីខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងយុត្តិធម៌ឥណ្ឌូនេស៊ី ក៏បានផ្តួចផ្តើមការអនុវត្ត “ទិដ្ឋាការមាស” សម្រាប់ជនបរទេស ដោយផ្តល់ការអនុញ្ញាតឲ្យពួកគេអាចស្នាក់នៅបានរហូតដល់ ១០ឆ្នាំ ដោយផ្អែកលើទំហំវិនិយោគរបស់ពួកគេនៅក្នុងប្រទេស៕