ក្រុមហ៊ុនអាកាសយានដ្ឋានមួយនៅថៃ រំពឹងកំណើនទេសចរចិនប្រមាណ ៨លាននាក់នៅឆ្នាំនេះ

អន្តរជាតិ

ក្រុមហ៊ុនអាកាសយានដ្ឋានថៃ (AoT) រំពឹងថានឹងមានកំណើនភ្ញៀវទេសចរចិនយ៉ាងហោចណាស់ ៨លាននាក់ដែលធ្វើដំណើរតាមព្រលានយន្តហោះរបស់ខ្លួនមកកាន់ប្រទេសថៃនៅឆ្នាំនេះ ស្របពេលគម្រោងលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍រវាងប្រជាពលរដ្ឋចិន និងថៃគ្រោងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនាតទៅ។ នេះបើតាមការចុះផ្សាយពីកាសែតបាំងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកក្រុមហ៊ុន AoT លោក Kirati Kijmanawat បាននិយាយថា រដ្ឋមន្ត្រីដឹកជញ្ជូនលោក Suriya Jungrungreangkit បានស្នើឲ្យព្រលានយន្តហោះក្រោមការគ្រប់គ្រងរបស់ AoT ទាំងអស់រៀបចំខ្លួនសម្រាប់ការកើនឡើងនៃភ្ញៀវទេសចរចិន​ ដែលមកដល់ទឹកដីថៃ ក៏ដូចជាអ្នកដំណើរថៃដែលហោះហើរទៅទស្សនាប្រទេសចិន មុនពេលគោលនយោបាយលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ ចាប់ផ្តើមចូលជាធរមាន។

គួរបញ្ជាក់ថា​ AoT គឺជាប្រតិបត្តិករនៃអាកាសយានដ្ឋានចំនួនប្រាំមួយនៅក្នុងប្រទេសថៃរួមមាន ព្រលានយន្តហោះសុវណ្ណភូមិ ដុនមឿង ឈៀងម៉ៃ ម៉ៃហ្វាហ្លួង-ឈៀងរ៉ៃ អន្តរជាតិភូកេត និងអន្តរជាតិហាតយ៉ៃ។ ជាមួយគ្នានោះ AoT បាននឹងកំពុងផ្តល់ការបញ្ចុះតម្លៃលើសេវាកម្មសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ណា​ ដែលមានបំណងធ្វើប្រតិបត្តិការជើងហោះហើរតាមការកំណត់ និងតាមរដូវកាលទៅកាន់ប្រទេសថៃចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនឹងកាត់បន្ថយការផ្តល់ការបញ្ចុះតម្លៃលើសេវាកម្មរហូតដល់ថ្ងៃទី៣១ ខែមីនា។

រំលឹកបន្តិចថា កាលពីឆ្នាំ២០២៣ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរណ៍បរទេសប្រមាណ ២៨លាននាក់ ច្រើនជាងការរំពឹងទុកបន្តិច ស្របពេលប្រាក់ចំណូលពីវិស័យទេសចរណ៍​ទទួលបាន ១,២ទ្រីលានបាត ឬប្រហែល ៣៥ពាន់លានដុល្លារ៕