លំនៅឋាន ជាតម្រូវចាំបាច់របស់មនុស្សគ្រប់រូប ដែលខ្វះមិនបាន ពីព្រោះតែមនុស្សត្រូវការទីជំរកក្នុងការរស់នៅគ្រប់ៗគ្នា។ ដូចនេះ មុននឹងសម្រេចចិត្តថាទិញផ្ទះ ដែលត្រូវចំណាយធនធានហិរញ្ញវត្ថុដ៏ច្រើន យើងគួរតែពិភាក្សាជាមួយនឹងអ្នកជំនាញ និងត្រូវយល់ដឹងពីចំណុចគន្លឹះខ្លះៗជាមុនសិន ទើបជាការប្រសើរ។
លោកឧកញ៉ា ហេង បូរិន ដែលជាអ្នកអភិវឌ្ឍន៍លំនៅឋានលេចធ្លោរមួយរូបនៅកម្ពុជា បានលើកឡើងនូវចំណុចចំនួន ៧ សម្រាប់បងប្អូនគួរយល់ដឹងឱ្យបានច្បាស់ មុននឹងសម្រេចចិត្តទិញលំនៅឋាន។ ចំណុចទាំងនោះ មានដូចខាងក្រោម៖
១. គួរទិញផ្ទះពីក្រុមហ៊ុនស្របច្បាប់ មានអាជ្ញាប័ណ្ណ និងការអនុញ្ញាតត្រឹមត្រូវ ពីក្រសួង និងស្ថាប័នពាក់ព័ន្ធ។
២. ជ្រើសរើសក្រុមហ៊ុនដែលសាងសង់ផ្ទះហើយ ១០០% ទិញភ្លាមអាចចូលរស់នៅភ្លាម អាចកាត់ ឬផ្ទេរឈ្មោះបានភ្លាម និងមានដៃគូធនាគារច្បាស់លាស់។
៣. ក្នុងករណីបង់រំលស់ បើអាចគួរតែសិក្សាជាមួយធនាគារ កុំបង់រំលស់ជាមួយនឹងម្ចាស់គម្រោង ព្រោះអត្រាការប្រាក់ខុសគ្នា។
៤. គួរជ្រើសរើសបុរីណាដែលមានទីតាំងស្ថិតនៅតំបន់សហគមន៍ស្រាប់ដូចជា មានផ្ទះអ្នកភូមិ ផ្សារ សាលារៀន វត្តអារាម និងមន្ទីរពេទ្យជាដើម។
៥. គួរជ្រើសរើសទីតាំងបុរីណាដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ មានទឹកភ្លើងរដ្ឋស្រាប់ ជាតំបន់មិនលិចទឹក ទោះបីមានភ្លៀងខ្លាំងក៏ដោយ។
៦. ពិនិត្យលើគុណភាពសំណង់។
៧. សិក្សាឱ្យបានលម្អិត អំពី ធនធាន និងប្រវត្តិ ម្ចាស់គម្រោង។
សូមជម្រាបថា ឧកញ៉ា ហេង បូរិន បច្ចុប្បន្នជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ និងជាអគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ដែលមានលក់ផ្ទះល្វែង និងផ្ទះអាជីវកម្ម ជាច្រើនរយល្វែងផងដែរ។ អ្នកជំនួញពហុវិស័យរូបនេះ បានទទួលគោរមងារ «ឧកញ៉ា» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១៕