ចិន ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអាមេរិកចំនួន៥ ពាក់ព័ន្ធនឹងការលក់អាវុធឲ្យតៃវ៉ាន់

អន្តរជាតិ

អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃអាទិត្យ ទី៧ ខែមករានេះ បាននិយាយថា រដ្ឋាភិបាលរបស់ខ្លួន បានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនផលិត​សព្វាវុធ​អាមេរិកចំនួន៥ ដើម្បីជាការឆ្លើយតបទៅនឹងការលក់អាវុធចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ទៅឲ្យកោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលក់អាវុធរបស់អាមេរិក ទៅឲ្យកោះតៃវ៉ាន់ ត្រូវបានចាត់ទុកថាជាប្រភពនៃភាពតានតឹងកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដោយប្រទេសចិន តែងចាត់ទុកតៃវ៉ាន់ជាទឹកដីដែលខ្លួនគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ។

គួរឲ្យដឹងថា ជុំវិញការ​ដាក់​ទណ្ឌកម្ម​នេះ បាន​កើត​មាន​មុន​ការ​បោះ​ឆ្នោតជ្រើសរើស​ប្រធានាធិបតី ​និង​សមាជិកសភា​របស់​កោះ​តៃវ៉ាន់ ​ដែលនឹងត្រូវធ្វើឡើងនៅ​ថ្ងៃ​ទី១៣ ខែ​មករាខាងមុខ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់សព្វាវុធនាពេលថ្មីៗនេះ របស់អាមេរិក ទៅឲ្យតៃវ៉ាន់ បានធ្វើឲ្យមានផលប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ផងដែរ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនអាមេរិកដែលនឹងត្រូវដាក់ទណ្ឌកម្មទាំងនោះ រួមមានក្រុមហ៊ុន BAE Systems Land and Armaments, Alliant Techsystems Operations, AeroVironment, Viasat និង Data Link Solutions ស្របពេលអ្នកនាំពាក្យរូបនេះបាននិយាយទៀតថា រដ្ឋាភិបាលចិន នឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងនេះ និងហាមប្រាមបុគ្គល ឬអង្គការនានាក្នុងប្រទេសចិន មិនឲ្យចូលរួមពាក់ព័ន្ធជាមួយពួកគេដាច់ខាត៕