នៅដើមសប្ដាហ៍ទី២ ពោលគឺថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សមិទ្ធផលថ្មីចំនួនពីរបានដាក់សម្ភោធក្នុងពេលដំណាលគ្នា មានដូចជា ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ និងស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និង សម្ដេចតេជោ ហ៊ុន សែន កាលនៅកុមារ។
សមិទ្ធផលថ្មីចំនួន២ដែលដាក់សម្ពោធក្នុងថ្ងៃតែមួយនេះ ទទួលបានការអញ្ជើញចូលរួមដាក់សម្ពោធពីកូនប្រុសសម្ដេចតេជោ ២រូប ដោយស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ អញ្ជើញចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ ត្រូវបានកសាងឡើងដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ។ ស្ពាននេះតភ្ជាប់រវាង ភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ជាមួយនឹងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចំណាយថវិកាសាងសង់ប្រមាណ១,៤លានដុល្លារអាមេរិក បានបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ក្រោយពីបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២២។
ស្ពានថ្មីនេះ មានអត្ថប្រយោជន៍ជាច្រើនយ៉ាង ដូចជាជួយសម្រួលចរាចរណ៍ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ផ្ដល់នូវការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ងាយស្រួលក្នុងការបង្កើតមុខរបរនិងការងារ។
ដោយឡែក សមិទ្ធផលថ្មីមួយទៀតគឺ ស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចតេជោ ហ៊ុន សែន កាលនៅកុមារ មានការអញ្ជើញជាអធិបតីដាក់សម្ពោធក្រោមវត្តមាន លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ស្បុករូបសំណាកនេះត្រូវបានកសាងឡើងនៅ ស្ពានពាមទេរ ក្នុងភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងគោលបំណងរំលឹកនឹកគុណដល់ព្រះលោកគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាគ្រូបាធ្យាយ អប់រំទូន្មានប្រៀនប្រដៅ និងផ្គត់ផ្គង់ការសិក្សាដល់សម្តេចតេជោ ហ៊ុន សែន កាលនៅវ័យកុមារ ឱ្យមានចំណេះចេះដឹងក្លាយជាបញ្ញវន្ត និងជាវីរជនឆ្នើមរបស់កម្ពុជា ដែលបានដឹកនាំកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍ រីកចម្រើនមកទល់សព្វថ្ងៃ៕
អត្ថបទ៖ សុកធា