ប្រមុខការទូតអាមេរិក ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបីក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់សង្គ្រាម

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទនេះ មុនពេលបន្តធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីមានការព្រមានថា សង្គ្រាមនៅក្នុងតំបន់ហ្កាហ្សាអាចនឹងរីករាលដាលកាន់តែខ្លាំង ពាសពេញតំបន់មជ្ឈិមបូព៌ាទាំងមូល ប្រសិនបើមិនមានកិច្ចខិតខំប្រឹងប្រែងសន្តិភាពរួមគ្នាទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលឹកថា លោក Blinken បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី និងកាតា រួចហើយកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងការទូតរយៈពេលប្រាំថ្ងៃ នៅក្នុងតំបន់មជ្ឈិមបូព៌ា និងជាកន្លែងលោកកំពុងស្វែងរកវិធីដើម្បីបញ្ចៀសសង្រ្គាមកាន់តែទូលំទូលាយនៅក្នុងតំបន់នោះ។ ហើយរដ្ឋមន្ត្រីការបរទេសរូបនេះ ​ក៏​គ្រោង​នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅតំបន់ West Bank និង​ប្រទេស​អេហ្ស៊ីប​ក្នុង​សប្តាហ៍​នេះ ផងដែរ។

ទន្ទឹមនឹងនេះ លោក Blinken បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Doha មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួមថា ៖”នេះគឺជាពេលវេលានៃភាពតានតឹងដ៏ស៊ីជម្រៅនៅក្នុងតំបន់។ ហើយនេះគឺជាជម្លោះដែលអាចរីករាលដាលយ៉ាងឆាប់រហ័សបំផុត ដែលបណ្តាលឲ្យមានភាពអសន្តិសុខ និងការឈឺចាប់កាន់តែខ្លាំង” ។

បន្ថែមពីលើនេះ លោក Blinken បាននិយាយទៀតថា លោកនឹងប្រាប់មន្ត្រីអ៊ីស្រាអែលថា វាជាការចាំបាច់ដែលពួកគេត្រូវធ្វើអ្វីបន្ថែមទៀត ដើម្បីការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា ហើយជនស៊ីវិលប៉ាឡេស្ទីន ក៏គួរតែត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញផងដែរ និងមិនត្រូវបង្ខំឲ្យចាកចេញពីតំបន់ហ្កាហ្សានោះឡើយ។

គួរឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាចិត្តក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា ៖”សង្រ្គាមនេះ នឹងមិនត្រូវបានបញ្ឈប់ឡើយ រហូតទាល់តែយើងសម្រេចបាននូវគោលដៅទាំងអស់ ដោយក្នុងនោះរួមាន ការ​កម្ចាត់​ក្រុមហាម៉ាស ការវិលត្រឡប់របស់ចំណាប់ខ្មាំងយើងទាំងអស់មកវិញ និងការធានាបានថា តំបន់ហ្កាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតនោះឡើយ” ។

មន្ត្រីអ៊ីស្រាអែលបាននិយាយទៀតថា មនុស្សប្រហែល ១ ២០០ នាក់ត្រូវបានសម្លាប់ និង ២៤០ នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ដែលជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស៕