ថៃ ដាក់គោលដៅបង្កើនការនាំចេញទំនិញទៅកាន់អាមេរិកនៅឆ្នាំនេះ ឲ្យឡើងដល់ ២%

អន្តរជាតិ

ប្រទេសថៃ ក្នុងពេលថ្មីៗនេះ បានបង្ហាញពីគោលដៅរបស់ខ្លួន ក្នុងការបង្កើនតម្លៃពាណិជ្ជកម្ម និងការវិនិយោគជាមួយសហរដ្ឋអាមេរិកអាមេរិក ដោយមានបំណងបង្កើនការនាំចេញទំនិញរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសនេះ ឲ្យឡើងដល់ ២% នៅក្នុងឆ្នាំ ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Phusit Ratanakul Sereroengrit អគ្គនាយកនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ បាននិយាយថា ការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មនៅទីក្រុង Los Angeles ទីក្រុង New York ទីក្រុង Chicago និង Miami បានសហការគ្នាដើម្បីវាយតម្លៃចំពោះការរំពឹងទុក សម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយព្យាករថានឹងអាចកើនឡើង ២% នៅឆ្នាំ២០២៤ នេះ។

ទន្ទឹមនឹងនេះ លោក Phusit ក៏បានមានប្រសាសន៍ទៀតថា នាយករដ្ឋមន្រ្តីថៃ Srettha Thavisin បាននាំយកកម្មវិធីបង្ហាញផ្លូវមួយទៅកាន់សហរដ្ឋអាមេរិក និងបានលើកទឹកចិត្តក្រុមវិនិយោគិនឲ្យពង្រីកការវិនិយោគរបស់ពួកគេ នៅក្នុងប្រទេសថៃបន្ថែមទៀត។ ហើយជាមួយគ្នានោះ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ធុរកិច្ចអាមេរិក រួមទាំងសភាពាណិជ្ជកម្មអាមេរិក សមាគមពាណិជ្ជកម្មក្នុងប្រទេសថៃ និងសហរដ្ឋអាមេរិក ដែលបង្ហាញពីឱកាសដើម្បីពង្រីកការនាំចេញ។

ជុំវិញគោលដៅបង្កើនតម្លៃពាណិជ្ជកម្មទៅកាន់សហរដ្ឋអាមេរិកនេះ គឺនឹងត្រូវផ្តោតសំខាន់ទៅលើផលិតផលដែលមានតម្រូវការខ្ពស់ដូចជា អាហារ គ្រឿងសង្ហារឹម និងការតុបតែងគេហដ្ឋាន ចំណីសត្វចិញ្ចឹម ​សម្ភារ​សម្រាប់សត្វចិញ្ចឹម គ្រឿងបន្លាស់អេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត និងផលិតផលវេជ្ជសាស្រ្ត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Phusit បានសង្កត់ធ្ងន់ទៀតថា វានៅតែមានកត្តាហានិភ័យសំខាន់ៗចំពោះការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិក ក្នុងឆ្នាំនេះ រួមមានជម្លោះភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ផ្សេងៗ ដែលអាចនាំឲ្យមានបញ្ហាប្រឈមផ្នែកដឹកជញ្ជូន និងថ្លៃដឹកជញ្ជូនខ្ពស់៕