Honda ពិចារណាលើការសាងសង់រោងចក្រផលិតរយន្តអគ្គិសនីតម្លៃជិត ១៤ពាន់លានដុល្លារនៅកាណាដា

អន្តរជាតិ

សារព័ត៌មាន Nikkei Asia បានចុះផ្សាយកាលពីថ្ងៃទី៧ ខែមករាថា ក្រុមហ៊ុន Honda Motor កំពុងតែពិចារណាលើការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសកាណាដា ដែលមានតម្លៃជិត ២ទ្រីលានយ៉េន (១៣,៨៣ពាន់លានដុល្លារ)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈរបាយការណ៍បានបន្តថា គម្រោងនេះអាចជាការវិនិយោគដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Honda ហើយម្យ៉ាងវិញទៀត ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះ កំពុងសម្លឹងមើលទីតាំងសម្រាប់សាងសង់រោងចក្រដែលមានសក្តានុពលជាច្រើនកន្លែង រួមទាំងទីតាំងដែលនៅជាប់រោងចក្រផលិតរថយន្តដែលមានស្រាប់នៅ Ontario ផងដែរ។ ទន្ទឹមនឹងនោះ​ ក្រុមហ៊ុនរំពឹងថានឹងធ្វើការសម្រេចចិត្តនៅចុងឆ្នាំ២០២៤នេះ ហើយរោងចក្រថ្មីអាចនឹងចាប់ផ្តើមផលិតរថយន្តបាននៅឆ្នាំ២០២៨ ខាងមុខ។

ក្រុមហ៊ុន Honda ក៏មានគម្រោងដើម្បីចាប់ផ្តើមការផលិត និងលក់រថយន្តអគ្គិសនីនៅទឹកដីអាមេរិកខាងជើងនាឆ្នាំ២០២៦ ដោយផ្អែកលើប្រព័ន្ធ Honda e: Architecture ថ្មីរបស់ខ្លួនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តមួយនេះ រួមជាមួយនឹងដៃគូរបស់ខ្លួនគឺក្រុមហ៊ុន LG Energy Solution បានប្រកាសកាលពីឆ្នាំ២០២២ ដែរថារដ្ឋ Ohio ជាទីតាំងនៃរោងចក្រថាមពលថ្មរួមគ្នា លើគម្រោងដែលមានតម្លៃប្រមាណជាជាង ៤,៤ពាន់លានដុល្លារ។

សូមជម្រាបថា ដោយយោងតាមទិន្នន័យរបស់ក្រុមហ៊ុន Honda បានបង្ហាញឲ្យដឹងថា រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីមានចំនួនតិចជាង០,៥% នៃការលក់នៅទូទាំងពិភពលោករបស់ក្រុមហ៊ុន Honda ដែលមានចំនួនប្រហែល ២,៨លានគ្រឿងក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៣ ៕