ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel ប្រកាសលាលែងចេញពីតំណែង

អន្តរជាតិ

ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel កាលពីពេលថ្មីៗនេះ បានជូនដំណឹងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសបែលហ្ស៊ិក ជុំវិញការសម្រេចចិត្តរបស់លោក ក្នុងការលាលែងចេញពីតំណែង ដើម្បីអាចឈរឈ្មោះនៅក្នុងការបោះឆ្នោតសម្រាប់សមាជិកសភាអឺរ៉ុប (MEP) ដែលគ្រោងនឹងធ្វើឡើងនៅខែមិថុនា ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយនឹងត្រូវបញ្ចប់អាណត្តិរយ:ពេល ៤ឆ្នាំរបស់លោក ក្នុងនាមជាមេដឹកនាំសភាពអឺរ៉ុប លោក Michel បាននិយាយចំពោះការលាលែងពីតំណែងនេះថា ៖ ” វាជាទំនួលខុសត្រូវរបស់ខ្ញុំ ក្នុងការរាយការណ៍អ្នកអំពីការងាររបស់ខ្ញុំរយ:ពេលប៉ុន្មានឆ្នាំមកនេះ និងជាការដាក់ចេញនូវគម្រោងនាពេលអនាគតរបស់អឺរ៉ុប “។

ខណ:ពេលដែលអាណត្តិបច្ចុប្បន្ននឹងត្រូវបញ្ចប់រហូតដល់ខែវិច្ឆិកាឯណោះ ប៉ុន្តែលោក Michel បានសម្រេចដើរចេញពីតំណែងនេះមុនពេលវេលាកំណត់ ដើម្បីជាការផ្តល់ឱកាសក្នុងការចូលរួមបោះឆ្នោតសភាអឺរ៉ុប ដែលគ្រោងនឹងធ្វើឡើងនៅខែមិថុនាខាងមុខ ជំនួសវិញ។

ទន្ទឹមនឹងនេះ លោក Michel បានធ្វើការបញ្ជាក់ទៀតថា ៖ ” ជុំវិញការសម្រេចចិត្តនេះ មានន័យថាខ្ញុំនឹងនៅតែបន្តធ្វើការងារក្នុងនាមជាប្រធានក្រុមប្រឹក្សាអឺរ៉ុប រហូតដល់ពេលដែលខ្ញុំទទួលបានសម្លេងឆ្នោតគ្រប់គ្រាន់ ដើម្បីស្បថចូលកាន់តំណែងជាសមាជិកសភាជំនួសវិញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ ” ។

ជម្រាបជូនផងដែរថា លោក Michel បានចូលបម្រើការជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលជាមេដឹកនាំរដ្ឋាភិបាលនៃរដ្ឋសមាជិកសហភាពអឺរ៉ុប (EU) ចំនួន ២៧ ចាប់តាំងពីចុងឆ្នាំ២០១៩ មកម៉្លេះ។ ហើយមុនពេលដែលលោកទទួលបន្ទុកចំពោះតំណែងនេះ លោកក៏ធ្លាប់បានបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសបែលហ្ស៊ិក ផងដែរ៕