នាយករដ្ឋមន្ត្រីស្រីទីពីរក្នុងប្រវត្តិសាស្រ្តបារាំង ប្រកាសលាលែងចេញពីតំណែង

អន្តរជាតិ

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទទួលយកចំពោះការលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីរបស់ លោកស្រី Elisabeth Borne កាលពីថ្ងៃចន្ទ ទី៨ ខែមករាកន្លងទៅ ចំពេលរដ្ឋាភិបាលទីក្រុងប៉ារីសកំពុងមានការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CGTN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការ លោក Macron បានបង្ហាញការកោតសរសើរជាពិសេសចំពោះការងាររបស់លោកស្រី Borne កន្លងមក និងថែមទាំងបានរៀបរាប់ទៀតថា លោកស្រីបានអនុវត្តគម្រោងជាច្រើននៅក្នុងជួររដ្ឋាភិបាល ជាមួយនឹងភាពក្លាហាន ការលះបង់ និងការប្តេជ្ញាចិត្ត ។

គួរឲ្យដឹងថា ការ​ប្រកាស​ចំពោះការចាកចេញពីតំណែងនេះ​ ត្រូវបានធ្វើ​ឡើង​បន្ទាប់​ពីមាន​កិច្ច​ប្រជុំ​រយៈ​ពេល​ពីរ​ម៉ោង ​រវាង​ថ្នាក់ដឹកនាំទាំងពីរ នៅ​ក្នុងវិមាន​ប្រធានាធិបតី Elysee ខណ:ប្រធានាធិតិបតី លោក Macron ត្រូវបានគេរំពឹងថានឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីដែលនឹងត្រូវចូលមកទទួលបន្ទុកជំនួស នៅក្នុងការបង្កើតរដ្ឋាភិបាលថ្មី នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ជម្រាបជូនផងដែរថា លោកស្រី Borne ជាស្ត្រីទីពីរក្នុងប្រវត្តិសាស្ត្របារាំង ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៅក្នុងខែឧសភា ឆ្នាំ២០២២ ខណ:ពេលបច្ចុប្បន្ននេះ លោកស្រីនឹងនៅតែបន្តកាន់តំណែងនេះ ​រហូត​ដល់​ពេលរដ្ឋាភិបាលរកអ្នកថ្មីមកជំនួសបាន៕