ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អមជាមួយសមាជិកក្រុមប្រឹក្សាភិបាល កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ជួបសំណះសំណាល និងពិភាក្សាការងារជាមួយ ស្ថាបនិក និងជាទីប្រឹក្សាកិតិ្តយសរបស់សមាគម។
ពិធីជួបសំណះសំណាល និងពិភាក្សាការងារនេះ ធ្វើឡើងក្រោមវត្តមាន លោកស្រី វេជ្ជបណ្ឌិត លីលី ស៊ីសម្បត្តិ ស្ថាបនិក និងទីប្រឹក្សាកិត្តិយស, អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ទីប្រឹក្សាកិត្តិយស, លោកជំទាវ សេង តក្កនារី អតីតប្រធានសមាគម អាណត្តិទី១ និងលោកជំទាវ វេជ្ជបណ្ឌិត អេង លីគង់ អតីតប្រធានសមាគមអាណត្តិទី៣ ផងដែរ។
សមាគមសហគ្រិនស្ត្រីកម្ពុជា ជាអង្គការសមាជិកមួយ ដែលបានបង្កើតឡើង នៅក្នុងឆ្នាំ២០១១ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងកិច្ចការនារី ដោយមានកិច្ចគាំទ្រផ្នែកបច្ចេកទេសពីសំណាក់ធនាគារពិភពលោក និងសហគ្រិនស្ត្រីកម្ពុជាចំនួន ១៤រូប។ សមាគមសហគ្រិនស្ត្រីកម្ពុជា មានគោលបំណងជួយគាំទ្រឱ្យស្ត្រីមានការរីកចម្រើនផ្នែកធុរកិច្ច តាមរយៈការផ្តល់ឱ្យស្ត្រីនូវវេទិកាធុរកិច្ច និងឱកាសរៀបចំបង្កើតបណ្តាញស្ត្រីទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជាគាំទ្រដល់ការបង្កើតប្រព័ន្ធអេកូសហគ្រិនភាព សម្រាប់ស្ត្រីក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា បច្ចុប្បន្នសមាគមសហគ្រិនស្ត្រីកម្ពុជា មានសមាសភាពដឹកនាំដូចជា ឧកញ៉ា កែវ មុំ ប្រធានសមាគម, លោកស្រី ម៉ម ដាត្ថាលីណែត និងលោកស្រី ជា រដ្ឋា ជាអនុប្រធាន។ រីឯសមាជិកក្រុមប្រឹក្សាភិបាល មានដូចជា ឧកញ៉ា ចាង សុខគីម, ឧកញ៉ា ឆាយ ស៊ីវលីន, លោកស្រី អេលីដា គីមស៊្រុន, លោកស្រី សុផាត ចាន់លក្ខិណា, លោកស្រី កែវ បណ្តូល, លោកស្រី លឹម ណាវី, លោកស្រី នុត សម្ភស្ស, កញ្ញា ស៊ុន ស៊ីហនិតនោវី។ ក្នុងនោះដែរ ទីប្រឹក្សាកិត្តិយស រួមមាន បណ្ឌិត សុក ស៊ីផាន់ណា, អ្នកឧកញ៉ា គួច ម៉េងលី, បណ្ឌិត តាន់ មុន្នីវណ្ណ, លោកស្រី វេជ្ជបណ្ឌិត លីលី ស៊ីសម្បត្តិ, លោក Rajiv Pradhan, លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ព្រមទាំងលោកស្រី ជឹម ម៉ាណាវី ជាទីប្រឹក្សាក្រុមប្រឹក្សាភិបាល៕