លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង នឹងទៅបង្រៀនមុខវិជ្ជា Brand Marketing and SMEs Strategy ដល់និស្សិតថ្នាក់បណ្ឌិត (Ph.D) នៅសកលវិទ្យាល័យ អាស៊ី អឺរ៉ុប រយៈពេល ១ឆមាស ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ឆ្នាំ ២០២៤ គឺជាឆ្នាំទី២៧ ដែលលោកធ្វើជាគ្រូបង្រៀន ដោយបានចាប់ផ្តើមបង្រៀនភាសាអង់គ្លេស តាំងពីឆ្នាំ ១៩៩៧។ លោកឧកញ៉ា បានបន្តថា ការរៀន និងការបង្រៀន គឺគ្មានដែនកំណត់ សម្រាប់មនុស្សជាតិ ហើយការបង្រៀនក៏ជាដុសខាត់ចំណេះដឹងខ្លួនឯងផងដែរ ព្រោះកាលណាយើងរៀនបានច្រើន បើមិនបានបង្រៀនគេ គឺអាចនឹងភ្លេចចំណេះដឹងទាំងនោះ។
សូមជម្រាបថា បច្ចុប្បន្នលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាប្រធានក្រុមហ៊ុន ខ្មែរ រៀល អ៉ីស្ទេត, ប្រធាន KW Cambodia ទូទាំងប្រទេស, ស្ថាបនិក បុរី ខេអេស រ៉េស៊ីដេន និងជាស្ថាបនិក បុរី វិមានសំណាង។ សម្រាប់បទពិសោធន៍នៃការបង្រៀន លោកឧកញ៉ាបណ្ឌិត ធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស នៅទីរួមខេត្តស្វាយរៀង នៅឆ្នាំ១៩៩៧ និងជាសាស្ត្រាចារ្យបង្រៀន ផ្នែកទេសចរណ៍ នៅតាមសាកលវិទ្យាល័យនានា ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣ ផងដែរ៕