លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១០ ខែមករានេះបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ជាធាតុចូលក្នុងការផ្តល់ដំណោះស្រាយសមស្របលើតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណត ជូនបងប្អូនប្រជាពលរដ្ឋ។
យោងតាមស្មារតីនៃកិច្ចប្រជុំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីការចុះពិនិត្យទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គររួចរាល់ ក្រុមការងារចំពោះកិច្ចនឹងជួបជជែកជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្របរួមមួយ។
ក្រោមការងារចង្អុលបង្ហាញដោយផ្ទាល់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រុមការងារចំពោះកិច្ចដោះស្រាយលើតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបង្កើតឡើងដែលមានលោក ស៊ុន ចាន់ថុល ជាប្រធាន។
ការបង្កើតក្រុមការងារចំពោះកិច្ចនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមអ្នកដឹកជញ្ជូនភ្ញៀវទេសចរប្រមាណ ៥០នាក់ បានប្រមូលផ្ដុំគ្នានៅមុខរដ្ឋបាលខេត្តសៀមរាប ដោយស្នើឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាដែលក្រុមហ៊ុនចិនគ្រប់គ្រងព្រលានយន្តហោះសៀមរាបអង្គរយកថ្លៃផ្លូវ ដែលក្រុមហ៊ុនបានសាងសង់ភ្ជាប់ពីព្រលានយន្តហោះមកផ្លូវជាតិលេខ៦ កាលពីថ្ងៃទី៣ ខែមករា។
សំណើរបស់ក្រុមអ្នដឹកជញ្ជូនភ្ញៀវទេសចរណ៍ គឺស្នើសុំទៅក្រុមហ៊ុនធ្វើព្រលានយន្តហោះថ្មីនៃខេត្តសៀមរាប លុបចោលលើការយកសេវានេះ ដែលជាបន្ទុកបន្ថែមសម្រាប់អ្នករកស៊ីដឹកភ្ញៀវ ខណៈក្រុមហ៊ុន បានយកថ្លៃចំណតឡាននៅក្នុងព្រលានរួចទៅហើយ។
សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះរបស់ចិន ការយកសេវារថយន្តបើកកាត់ផ្លូវកៅស៊ូទៅព្រលានយន្តហោះសៀមរាបអង្គរ (SIA) នឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។ សេវាទាំងនោះ បែង ចែកជា៤ផ្នែកតាមប្រភេទរថយន្ត ដែលតម្លៃសម្រាប់រថយន្តលក្ខណៈគ្រួសារ និងរថយន្តដឹកទំនិញធុនតូច តម្លៃ៣ដុល្លារ, រថយន្តដឹកអ្នកដំណើរក្រោម១៩កៅអី និងរថយន្តដឹកទំនិញក្រោម៩តោន តម្លៃ៦ដុល្លារ, រថយន្តដឹកអ្នកដំណើរចាប់ពី ២០កៅអីឡើង និងរថយន្តដឹកទំនិញចាប់ពី៩ដល់១០តោន តម្លៃ៩ដុល្លារ និងរថយន្តដឹកទំនិញទម្ងន់ពី១០ទៅ២០តោន តម្លៃ១២ដុល្លារ។ តម្លៃនេះមិនរាប់បញ្ចូលពីថេរវេលាដែលចូលចតក្នុងចំណោតរបស់ព្រលានយន្តហោះឡើយ៕