ញត្តិសុំលើកលែងទោសរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងត្រូវសម្រេចជាផ្លូវការក្នុងពេលឆាប់ៗ

អន្តរជាតិ

ក្រុមប្រឹក្សាលើកលែងទោសរបស់ប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយព្រះមហាក្សត្រផ្ទាល់ គ្រោងនឹងធ្វើការកំណត់ពេលវេលាក្នុងពេលឆាប់ៗខាងមុខនេះ ថានឹងត្រូវផ្តល់ការលើកលែងទោសចំពោះអតីតនាយករដ្ឋមន្ត្រី លោក Najib Razak ឬយ៉ាងណា ពាក់ព័ន្ធជាមួយនឹងករណីអំពើពុករលួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើសុំឲ្យមានការលើកលែងទោសពីព្រះមហាក្សត្រជាលើកដំបូងរបស់លោក Najib ត្រូវបានធ្វើឡើងនៅចំពោះមុខក្រុមប្រឹក្សាលើកលែងទោសក្នុងអំឡុងកិច្ចប្រជុំមួយ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ប៉ុន្តែបញ្ហានេះត្រូវពន្យារពេលទៅសម័យប្រជុំ ដែលគ្រោងកំណត់ធ្វើឡើង នៅក្នុងសប្តាហ៍ទីបីនៃខែមករា ឆ្នាំ២០២៤ នេះវិញ ខណ:ការសម្រេចជាផ្លូវការទំនងជាត្រូវធ្វើឡើងផងដែរ។

ស្ថាប័នជាន់ខ្ពស់ដែលមានសមាជិកប្រាំមួយរូប នឹងត្រូវធ្វើការសម្រេចចិត្តចុងក្រោយនៅក្នុងកិច្ចប្រជុំដ៏ធំមួយ ដែលមានការចូលរួមដោយផ្ទាល់ពីព្រះមហាក្សត្រ Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah និងនាយករដ្ឋមន្ត្រី លោក Anwar Ibrahim ផងដែរ ដើម្បីលើកយកបញ្ហានេះមកធ្វើពិភាក្សាឡើងវិញ។

គួរឲ្យដឹងថាកិច្ចប្រជុំដ៏សំខាន់ក្នុងខែមករានេះ នឹងក្លាយជាកិច្ចការផ្លូវការចុងក្រោយរបស់ស្តេចស៊ុលតង់ Abdullah Ri’ayatuddin មុនពេលទ្រង់ចុះចេញពីរាជបល្ល័ង្កនៅថ្ងៃទី៣១ ខែមករា ហើយស្តេចស៊ុលតង់ Ibrahim Sultan Iskandar នឹងត្រូវឡើងសោយរាជ្យបន្ត ក្រោមប្រព័ន្ធផ្លាស់ប្តូរវេនក្នុងគ្រួសារ​រាជវង្ស​។

ជម្រាបជូនផងដែរថា ម៉ាឡេស៊ីគឺជាប្រទេសរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដោយព្រះមហាក្សត្រ គឺជាអ្នកសម្រេចចុងក្រោយស្តីពីការលើកលែងទោសចំពោះឧក្រិដ្ឋជនដែលត្រូវបានផ្តន្ទាទោស ខណ:ប្រព័ន្ធនៃការគ្រប់គ្រងផ្លូវច្បាប់នេះ គឺមានភាពស្រដៀងគ្នាទៅនឹងប្រទេសថៃផងដែរ៕