ធនាគារពិភពលោក នៅថ្ងៃអង្គារទី៩ ខែមករា បានព្យាករថា សេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២៤ នឹងមានវឌ្ឍនភាពទាប ពោលគឺកំណើតសេដ្ឋកិច្ចឆ្នាំនេះគឺចាញ់ឆ្នាំមុនដែលមានកំណើនត្រឹម ២,៤%ប៉ុណ្ណោះ។ របាយការណ៍ថ្មីនេះបញ្ជាក់ដែរថា សេដ្ឋកិច្ចសកលោកក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះជួបសន្ទុះកំណើនទាប បើធៀបនឹងរយៈពេល ៣ទស្សវត្សរ៍មកនេះ។
សេដ្ឋកិច្ចវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក World Bank លោក Indermit Gill បាននិយាយថា បើទោះជាមានវិធានការទប់ស្កាត់វិបត្តិអតិផរណាសកល តាមរយៈការដំឡើងអត្រាការប្រាក់ខ្ពស់ ដើម្បីរារាំងអត្រាកំណើនគ្មានការងារ និងវិបត្តិហិរញ្ញវត្ថុ បានល្អបែបណាក៏ដោយ ប៉ុន្តែប្រតិបត្តិការជារួមនៃកំណើនសេដ្ឋកិច្ចសកលលោក បែរជានៅជាប់គាំង គ្មានការប្រែប្រួលល្អជាងមុនដដែល។
បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺរាតត្បាត សេដ្ឋកិច្ចសកលលោកមានកំណើនល្អវិញនៅក្នុងឆ្នាំ២០២១ ដោយបន្តកើនឡើងប្រហែល ៣% នៅក្នុងឆ្នាំ២០២២ ប៉ុន្តែកាលពីឆ្នាំទៅ វាបានធ្លាក់មកនៅត្រឹម ២,៦% ស្របពេលធនាគារពិភពលោក ដាក់ក្ដីរំពឹងថា នៅក្នុងឆ្នាំ២០២៤នេះ អាចបន្តធ្លាក់មកនៅត្រឹម ២,៤%។ ការថយចុះនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់បែបនេះ នឹងធ្វើឲ្យប្រទេសមហាអំណាចជាសមាជិកនៃអង្គការសហប្រជាជាតិទាំង ១៩៣ប្រទេស មិនអាចសម្រេចផែនការអភិវឌ្ឍន៍ជាសកលត្រឹមឆ្នាំ២០៣០ ដូចទៅនឹងអ្វីដែលពួកគេធ្លាប់បានដាក់គោលដៅកាលពីឆ្នាំ២០១៥ បានឡើយ។
សូមជម្រាបជូនរំលឹកថា ផែនការដែលក្រុមប្រទេសទាំង ១៩៣ ចង់សម្រេចបាននៅចុងទសវត្សនេះគឺមានដូចជា៖ លុបបំបាត់ភាពក្រីក្រ, កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យបានពាក់កណ្ដាល, ពង្រីកការអប់រំដល់ប្រជាជនក្រីក្រ និងលុបចោលឲ្យអស់នូវវិបត្តិកង្វះខាតចំណីអាហារជាដើម។។
ប៉ុន្តែបើមើលទៅតាមស្ថានភាពសេដ្ឋកិច្ចពេលនេះ ផែនការទាំងអស់នោះហាក់មិនអាចសម្រេចបានឡើយ នៅត្រឹមឆ្នាំ២០៣០ លុះត្រាតែសេដ្ឋកិច្ចនាប៉ុន្មានឆ្នាំខាងមុខ មានសន្ទុះល្អខ្លាំង ដ្បិតរយៈពេល ៣ឆ្នាំនេះ កំណើនសេដ្ឋកិច្ចសកល បង្ហាញសញ្ញាមិនសូវល្អទាល់តែសោះ។
ជាមួយគ្នានេះដែរ ធនាគារពិភពលោកក៏បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកនាឆ្នាំនេះ នឹងមានលឿនជាងសហភាពអឺរ៉ុប និងជប៉ុនទ្វេដង ប្រមាណ ១,៦% ស្របពេលកំណើនសេដ្ឋកិច្ចប្រទេសចិនអាចសម្រេចបាន ៤,៥% ទាបជាងការព្យាករទុកកាលពីឆ្នាំកន្លងទៅដែលមានត្រឹម ៥,២%។
ទោះជាយ៉ាងណា ធនាគារពិភពលោកក៏បានព្រមានថា ការព្យាករទាំងនេះអាចនឹងមានការប្រែប្រួល ពោលស្ថានការណ៍អាចនឹងកាន់តែអាក្រក់ជាងការព្យាករទុកទៀត ដ្បិតបច្ចុប្បន្នសង្គ្រាមនៅតំបន់ហ្គាហ្សា និងសង្គ្រាមនៅអ៊ុយក្រែន គឺកំពុងបង្កភាពរាំងស្ទះជាខ្លាំង ដល់កំណើនសេដ្ឋកិច្ចសកល៕