Sun Group ស្តេចត្រាញ់វិនិយោគនៅកោះត្រល់ និងវិស័យទេសចរណ៍ប្រទេសវៀតណាម

អន្តរជាតិ

ក្រុមហ៊ុន Sun Group Joint Stock Company (Sun Group) ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៧ ដោយជនជាតិវៀតណាម ៤នាក់ដែលធ្លាប់រស់នៅអតីតសហភាពសូវៀត។ គិតមកដល់ទល់នឹងពេលនេះ បន្ទាប់ពីការខិតខំប្រឹងប្រែងវិនិយោគ និងអភិវឌ្ឍអស់រយ:ពេលជាង ១០ឆ្នាំ ក្រុមហ៊ុនខ្នាតយក្សរបស់វៀតណាមមួយនេះ បានបង្កើតខ្លួនជាក្រុមហ៊ុនផ្តល់សេវាទេសចរណ៍លំដាប់កំពូល ជាមួយនឹងខ្សែសង្វាក់នៃសួនកម្សាន្តបែបទំនើបក្រោមម៉ាកសញ្ញា Sun World រួមទាំងគម្រោងអចលនទ្រព្យលំដាប់ខ្ពស់ក្រោមម៉ាកយីហោ Sun Grand City ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មួយក្នុងចំណោមស្ថាបនិកទាំង៤ រូបនោះ គឺមានម្នាក់ត្រូវបានគេស្គាល់ថាជាលោក Le Viet Lam ធ្លាប់ជាដៃគូអាជីវកម្មរបស់ស្ថាបនិកក្រុមហ៊ុន Vingroup គឺលោក Pham Nhat Vuong អំឡុងពេលដែលអ្នកទាំងពីរបានបើកអាជីវកម្មផលិតមីកញ្ចប់ Technocom រួមគ្នានៅទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន។

ដោយមានបំណងចង់ដាស់សក្ដានុពលទេសចរណ៍ក្នុងទឹកដីកំណើត និងនាំយកគោលដៅទេសចរណ៍វៀតណាម ឲ្យភ្ញៀវទេសចរទាំងអស់ជុំវិញពិភពលោកបានស្គាល់ និងមកលេងកម្សាន្ត ក្រុមហ៊ុន Sun Group បានចាប់ផ្តើមដំណើរការជាមួយនឹងឧទ្យានដ៏ល្បីឈ្មោះ Sun World Ba Na Hills។

ហើយចាប់តាំងពីការដាក់សម្ពោធ Ba Na Hills មក ទីនោះបានក្លាយជាអេកូទេសចរណ៍វៀតណាម ជាមួយនឹងការទទួលស្គាល់លំដាប់ថ្នាក់ពិភពលោក។ ក្រោយភាពជោគជ័យដ៏ធំនៃគម្រោងនេះ Sun Group បានបន្តអភិវឌ្ឍគោលដៅទេសចរណ៍នៅក្នុងខេត្តជាច្រើនទៀត រួមទាំង Da Nang, Phu Quoc, Quang Ninh និង Sapa​ ជាមួយនឹងខ្សែសង្វាក់សួនកម្សាន្តពាណិជ្ជកម្មក្រោមម៉ាកយីហោ Sun World ។

មួយក្នុងចំណោមគម្រោងធំៗរបស់ខ្លួន Sun Group បានបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការអភិវឌ្ឍលើកោះត្រល់ ដោយក្រុមហ៊ុនបានបង្កើតគម្រោងជិត ៥០ ជាមួយនឹងសេវាកម្សាន្តដ៏ច្រើន​សម្បូរ​បែបសម្រាប់ភ្ញៀវទេសចរណ៍។

តាមការប៉ាន់ប្រមាណថា ចាប់ពីឆ្នាំ២០១៦ នៅពេលដែល Sun Group បានបើកមជ្ឈមណ្ឌលកម្សាន្ត JW Marriott Phu Quoc Emerald Bay នៅលើកោះត្រល់ រហូតដល់ឆ្នាំ២០១៩ មុនពេលមានជំងឺរាតត្បាត ចំនួនអ្នកមកទស្សនានៅលើកោះនេះ បានកើនឡើងពី ១,៤៥ លាននាក់ ដល់ ៥,១ លាននាក់ ស្មើនឹងការកើនឡើង ២៥២%។

បន្ថែមពីលើការអភិវឌ្ឍទេសចរណ៍ ចាប់តាំងពីឆ្នាំ២០១៣ មក ក្រុមហ៊ុន Sun Group បានចូលរួមចំណែកក្នុងការដាក់ឈ្មោះប្រទេសវៀតណាមនៅលើផែនទីរមណីយដ្ឋានលំដាប់ថ្នាក់ពិភពលោក ជាមួយនឹងសណ្ឋាគារ InterContinental Danang Sun Peninsula Resorts របស់ខ្លួន ដែលទទួលបានកិត្តិយសជាសណ្ឋាគារដ៏ប្រណិតបំផុតរបស់ពិភពលោក ក្នុងឆ្នាំ២០១៤។

មិនត្រឹមតែជួយរួមចំណែកលើសក្ដានុពលទេសចរណ៍វៀតណាមប៉ុណ្ណោះទេ Sun Group ក៏ជាម៉ាកយីហោដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងគម្រោងដឹកជញ្ជូនជាតិសំខាន់ៗជាច្រើនផងដែរ ដែលជាការជំរុញដ៏ខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

មួយក្នុងចំណោមគម្រោងដឹកជញ្ជូនដ៏សំខាន់នោះ គឺអាកាសយានដ្ឋានអន្តរជាតិ Van Don ដែលជាអាកាសយានដ្ឋានអន្តរជាតិដំបូងគេនៅវៀតណាម និងត្រូវបានវិនិយោគ និងដំណើរការដោយសហគ្រាសឯកជន ក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Sun Group ។ ក្រោយដាក់ឲ្យដំណើរការដំបូង អាកាសយានដ្ឋានអន្តរជាតិ Van Don ទទួលបានភ្ញៀវទេសចរណ៍ ២,៥លាននាក់ និងដឹកជញ្ជូនទំនិញបាន ១០ ០០០ តោនក្នុងមួយឆ្នាំ ដែលជាការជំរុញដ៏សំខាន់ដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចក្នុងតំបន់នោះ។

ទន្ទឹមនឹងស្នាដៃលំដាប់ថ្នាក់ពិភពលោកលើវិស័យសំខាន់ៗ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន Sun Group ក៏បានវិនិយោគលើការសាងសង់គម្រោងសំខាន់ៗជាច្រើនផ្សេងទៀតផងដែរ ដូចជាអគារសម្រាប់អ្នកមានចំណូលទាប ការវិនិយោគលើការកសាងតំបន់ទីក្រុងបៃតងនៅទីក្រុង Da Nang ជាដើម។

ជម្រាបជូនផងដែរថា Sun Group បានបង្កើតឈ្មោះរបស់ខ្លួនក្នុងបញ្ជីម៉ាកយីហោទេសចរណ៍ឈានមុខគេ និងក្រុមហ៊ុនវិនិយោគអចលនទ្រព្យលំដាប់ខ្ពស់នៅក្នុងប្រទេសវៀតណាម ជាមួយនឹងស្នាដៃដែលបន្សល់ទុកនូវសញ្ញាណដែលមិនធ្លាប់មានពីមុនមក ដែលវាជាការរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍនៅក្នុងទីតាំងជាច្រើន ក្នុងប្រទេស៕