កាលពីថ្ងៃទី១០ ខែមករា ប្រធានាធិបតីបង់ក្លាដែសលោក Mohamed Shahabuddin បានតែងតាំងមេដឹកនាំគណបក្ស Awami League (AL) ដែលកំពុងកាន់អំណាចបួនអាណត្តិជាប់ៗគ្នាគឺលោកស្រី Sheikh Hasina ឲ្យនៅជានាយករដ្ឋមន្ត្រីនៃប្រទេសបង់ក្លាដែសដដែល។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។
នាយកដ្ឋានខុទ្ទកាល័យបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយថា ប្រធានាធិបតីបង់ក្លាដែសក៏បានអញ្ជើញលោកស្រី ឱ្យបង្កើតរដ្ឋាភិបាលថ្មីផងដែរ ខណៈដែលគណបក្សរបស់លោកស្រី ទទួលបានទំនុកចិត្ត និងការគាំទ្រភាគច្រើនពីសមាជិកសភា។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីរូបនេះ រួមជាមួយនឹងសមាជិកសភាផ្សេងៗទៀតមកពីគណបក្សរបស់លោកស្រី បានស្បថចូលកាន់តំណែងកាលពីថ្ងៃពុធ បន្ទាប់ពីគណបក្ស AL របស់លោកស្រី ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។
បន្ថែមពីនោះទៅទៀត គណៈកម្មាធិការរៀបចំការបោះឆ្នោតកាលពីរសៀលថ្ងៃអង្គារ បានបង្ហាញរបាយការណ៍មកថា គណបក្ស AL ដែលដឹកនាំដោយលោកស្រី Hasina បានទទួលអាសនៈចំនួន២២២ ក្នុងចំណោមអាសនៈចំនួន២៩៨ នៃសភា ស្របពេលសម្ព័ន្ធភាពដឹកនាំដោយ AL បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីជាមួយនឹងអាសនៈចំនួន២២៥ ៕