មកដឹងប្រវត្តិក្រុមហ៊ុន អ្នកឧកញ៉ា តែ អ៉ីឆែ ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ឈានមុខគេមួយនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន អ៉ីឆែ គ្រុប (Y Chhe Group Co., Ltd.) ដែល​មាន​ អ្នកឧកញ៉ា តែ អ៉ីឆែ ជា​​ស្ថាបនិក​និង​ជា​អគ្គនាយក គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់សម្ភារៈសំណង់ឈានមុខគេមួយនៅកម្ពុជា នា​ពេល​បច្ចុប្បន្ន ដែលមានបុគ្គលិក​បម្រើការងារ​ជាង ៤០០នាក់។ ក្រុមហ៊ុន​នេះ​ មានសមត្ថភាពផ្គត់ផ្គង់សម្ភារៈ​សាងសង់​សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ​អគារពាណិជ្ជកម្ម និងលំនៅដ្ឋានជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន អ៉ីឆែ គ្រុប ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៨៦​ ក្នុងទម្រង់ជាអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារ ដោយផ្តើមចេញពីការលក់គ្រឿងដែក និងលួសចំណង។ នៅ​ឆ្នាំ១៩៩២ ក្រុមហ៊ុន​បាន​ពង្រីក​អាជីវកម្ម​ទៅ​ជា​អ្នក​លក់រាយ​នូវ​​ប្រភេទ​ដែក​ចម្រុះ និង​គ្រឿង​សម្ភារៈ​សំណង់​ផ្សេងៗ។ លុះដល់​ឆ្នាំ២០០២ អ្នកឧកញ៉ា តែ អ៉ីឆែ ​​បាន​បង្កើត​ជា​ក្រុមហ៊ុន អ៊ីឆែ អាហរ័ណ នីហរ័ណ ដែល​ផ្គត់ផ្គង់​គ្រឿង​សំណង់​គ្រប់​ប្រភេទ។ នៅឆ្នាំ២០១០ ​ក្រុមហ៊ុន​ចាប់ផ្តើម​នាំ​ចូល និង​ចែកចាយ​ស៊ីម៉ង់ត៍​យុថ្កា ដែល​មាន​គុណភាព​ខ្ពស់ និង​កម្រិត​ស្តង់ដា​អាមេរិក។

បន្ទាប់​មក​ នៅ​ឆ្នាំ​២០១២ ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ទៅ​ជា ក្រុមហ៊ុន អ៉ីឆែ គ្រុប ដែល​មាន​​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​គុណភាព​ខ្ពស់​គ្រប់ប្រភេទ។ ចូលឆ្នាំ២០១៤ ចាប់ផ្តើម​ធ្វើការ​ចែកចាយ​ផលិតផល នៅ​តាម​តំបន់​អភិវឌ្ឍន៍​សំខាន់ៗ ទូទាំង ២៥​រាជធានី/ខេត្ត។ ដល់ឆ្នាំ២០១៦ ​​បាន​ដាក់​បង្ហាញ​ស្លាក​សញ្ញា​ក្រុមហ៊ុន​ថ្មី ជាមួយ​ពាក្យ​ស្លោក “កសាង​អនាគត​ជាមួយ​អ្នក” ក្នុង​ន័យ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ដើម្បី​កសាង​អនាគត​ប្រទេស​កម្ពុជា។ ឆ្នាំ២០១៧ បាន​បង្កើត​ទីតាំង​ដាក់​បង្ហាញ (Showroom) ​ផលិតផល​របស់​ក្រុមហ៊ុន ស្ថិត​នៅ​ក្នុង​ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ។ នៅឆ្នាំ២០១៩ បានផ្លាស់ប្តូរ​ទីតាំង​ការិយាល័យ​កណ្តាល​ថ្មី មក​កាន់​អគារពាណិជ្ជកម្ម​ចម្រុះ ធីខេ សេនត្រល នៅ​ខណ្ឌ​ទួលគោក។ មក​ដល់​ឆ្នាំ២០២១ ក្រុមហ៊ុន អ៉ីឆែ គ្រុប បាន​នាំ​ចូល​ផ្តាច់មុខ​​ដែក​ថ្មី​ម៉ាក 7ST នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បន្ត​អភិវឌ្ឍ​ទៅ​លើ​ស៊ីម៉ង់ត៍​យុថ្កា ដោយ​ធ្វើការ​ផ្លាស់ប្តូរ​រូបរាង​ថ្មី គុណភាព​កាន់​តែ​ពិសេស និង​ថែរក្សា​បរិស្ថាន រហូត​មក​ដល់​បច្ចុប្បន្ន។

សូម​ជម្រាប​ថា អ្នកឧកញ៉ា តែ អ៉ីឆែ សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា កើតក្នុងឆ្នាំ១៩៦២ នៅ​ខេត្តកណ្តាល ហើយលោក​បានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ១៩៨៦។ កន្លងមក អ្នកឧកញ៉ាបានចូលរួម​យ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំង​កម្លាំង កាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ ឧកញ៉ា តែ អ៉ីឆែ ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​​ផ្តល់​គោរមងារ «អ្នកឧកញ៉ា» នៅ​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣៕