យោងតាមសារព័ត៌មានធំៗជាច្រើន បានចុះផ្សាយថា ព្រះអង្គម្ចាស់ Abdul Mateen បានរៀបអភិសេកជាមួយអ្នកនាង Anisha Rosnah Isa Kalebic ដែលត្រឹមជារាស្រ្តសាមញ្ញម្នាក់ ហើយអ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ ថ្លៃបណ្ណាការដែលព្រះម្ចាស់ប្រ៊ុយណេ ប្រគល់ជូនកូនក្រមុំគឺជាលុយសុទ្ធចំនួនតែជាង ៧៥០ដុល្លារប៉ុណ្ណោះ។
មានឈ្មោះជារាស្ត្រសាមញ្ញមែន ប៉ុន្តែដន្លងរបស់ស្ដេចប៊្រុយណេគឺជាគ្រួសារអភិជន ដោយជីតារបស់អ្នកនាងគឺ លោក Pehin Dato Isa ធ្លាប់ជាទីប្រឹក្សាពិសេសរបស់ស្តេចស៊ុលតង់ប្រ៊ុយណេ ហើយបានកាន់តួនាទីយ៉ាងសំខាន់នៅក្នុងរដ្ឋាភិបាលរបស់ប្រទេសនេះ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ ។
ចំណែកឯបងប្រុសរបស់អ្នកនាង គឺលោក Danial Deen Isa-Kalebic វិញត្រូវបានគេរាយការណ៍ថាជាមិត្តជិតស្និទ្ធរបស់ព្រះអង្គម្ចាស់ Mateen ហើយបងថ្លៃស្រី គឺអ្នកនាង Janetira Attaskulchai Deen គឺជាសមាជិកក្រុមគ្រួសារមហាសេដ្ឋីថៃ ត្រកូល Attaskulchai ដែលគ្រប់គ្រងក្រុមហ៊ុនផលិតទឹកដោះគោជូរល្បីនៅប្រទេសថៃ Betagen ។
បច្ចុប្បន្ននេះ អ្នកនាង Anisha គឺជាម្ចាស់ម៉ាកយីហោច្នៃម៉ូដដ៏ធំមួយ គឺ Silk Collective និងជាសហស្ថាបនិកនៃក្រុមហ៊ុន Authentirary ដែលជាក្រុមហ៊ុនទេសចរណ៍ដែលផ្តល់នូវបទពិសោធបែបវប្បធម៌ នៅក្នុងទីក្រុងផ្សេងៗ។
បើទោះបីជាព័ត៌មានអំពីទំនាក់ទំនងស្នេហារវាង អ្នកនាង Anisha និងព្រះអង្គម្ចាស់ Mateen មានតិចតួចក្ដី ក៏ប៉ុន្តែគូស្នេហ៍មួយគូនេះត្រូវបានគេជឿថា បានទាក់ទងគ្នាជាច្រើនឆ្នាំមកហើយ ដោយអ្នកទាំងពីរត្រូវបានគេប្រទះ ឃើញនៅជាមួយគ្នាក្នុងព្រឹត្តិការណ៍សាធារណៈជាច្រើនរួមទាំងពិធីរៀបអភិសេករបស់ព្រះនាង Azemah ដែលជា ប្អូនស្រីរបស់ព្រះអង្គម្ចាស់ Mateen កាលពីខែមករា ឆ្នាំមុនផងដែរ។
សូមជម្រាបដែរថា ជាមួយនឹងការភ្ជាប់ពាក្យដែលត្រូវបានប្រកាសកាលពីខែតុលាឆ្នាំមុន គូស្នេហ៍មួយគូនេះ បានប្រកាសរៀបចំពិធីមង្គលការដ៏អស្ចារ្យរយៈពេល ១០ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃទី១៦ ខែមករា តាមបែបប្រពៃណីរបស់រាជវង្សប្រ៊ុយណេ និងត្រូវបានគេចាត់ទុកថា នេះជាពិធីមង្គលការសែរាជវង្សដ៏ធំបំផុតមួយប្រចាំទសវត្សថែមទៀត៕