លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ស្វាមីរបស់លោកស្រី ហ៊ុន ម៉ាណា ដែលត្រូវជាកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ «ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup» ជាផ្លូវការ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃសុក្រនេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានលើកឡើងថា បន្ទាប់ពីធ្វើការស្ទង់មតិ កាលពីថ្ងៃម្សិលមិញលើផេកហ្វេសបុគផ្ទាល់ខ្លួនរបស់លោក ចំពោះការរៀបចំការប្រកួតបាល់ទាត់ «ស្វាយរៀងស៊ុបភើខាប់» លោកបានកត់សម្គាល់ឃើញថា ការចូលរួមមតិរបស់បងប្អូនខេត្តស្វាយរៀង ភាគច្រើនបានគាំទ្រ ឱ្យមានការរៀបចំការប្រកួតមួយនេះ ដូច្នេះលោកសម្រេចថា នឹងធ្វើការរៀបចំពានរង្វាន់ “ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup)” នៅក្នុងឆ្នាំ២០២៤ ក្រោយចប់ការប្រកួតពានរង្វាន់ ស្វាយរៀងខាប់ រដូវកាលនេះ។
ជាមួយគ្នានេះ លោកបានឃើញនូវសំណូមពរ ឱ្យមានការរៀបចំប្រកួតពានរង្វាន់កីឡាបាល់ទាត់នារី ដូចនេះ លោកក៏សម្រេចនឹងរៀបចំឱ្យមានការប្រកួតនេះផងដែរ នៅដើមខែមីនា ឆ្នាំ២០២៤។ យ៉ាងណាមិញ ចំពោះសំណូមពររបស់បងប្អូន ស្នើសុំឱ្យមានការប្រកួតពានកុមារ លោកបានឃើញ ក៏រីករាយសប្បាយចិត្តនឹងទទួលយក ហើយលោកនឹងចាត់ឱ្យក្រុមការងារបច្ចេកទេស ដើម្បីចុះទៅពិភាក្សា និងសិក្សាឱ្យបានច្បាស់លាស់បន្ថែមទៀត មុននឹងដាក់ចេញឱ្យមានការប្រកួតពានសម្រាប់កុមារនេះ។
លោក ឌី វិជ្ជា ក៏សូមថ្លែងអំណរគុណ ចំពោះបងប្អូនសាធារណជន ក៏ដូចជាបងប្អូនអ្នកស្វាយរៀង និងអ្នកគាំទ្រស្រលាញ់វិស័យកីឡាបាល់ទាត់ទាំងអស់ ដែលបានចូលរួម និងខមមិនឆ្លើយតបមកវិញគាំទ្រ និងជាមតិនានា ដើម្បីឱ្យលោក និងក្រុមការងារ យកទៅរៀបចំការប្រកួតពានរង្វាន់ “ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup)” នេះ។
គួររំឭកថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោក ឌី វិជ្ជា បានធ្វើការស្ទង់មតិលើទំព័រហ្វេសប៊ុករបស់លោក ដោយចោទជាសំណួរថា៖ “ជូនដល់បងប្អូនវិស័យបាល់ទាត់ខេត្តស្វាយរៀង ខ្ញុំចង់បង្កើត ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup) តើបងប្អូនយល់យ៉ាងណា?” ចំពោះលទ្ធផលនៃការស្ទង់មតិនេះ គឺទទួលបានមតិយោបល់គាំទ្រយ៉ាងច្រើន។
សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ គឺជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង, ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលកំពុងលេងនៅលីគកំពូលកម្ពុជា Cambodian Premier League ផងដែរ៕