លោក​ Lai Ching-te ពីគ្រូពេទ្រធម្មតាមា្នក់ ប្រែក្លាយជាប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់

អន្តរជាតិ

លោក Lai Ching-te បានឈ្នះការបោះឆ្នោតសម្រាប់តំណែងប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ទី១៣ ខែមករាកន្លងទៅ ដោយរក្សាឲ្យគណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) បន្តកាន់អំណាចសម្រាប់អាណត្តិទីបីជាប់ៗគ្នា បើទោះបីជាមានការព្រមានយ៉ាងខ្លាំង ពីសំណាក់ប្រទេសចិនអំពីទស្សនៈគាំទ្រអធិបតេយ្យភាពរបស់បក្សនេះក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Lai ដែលបច្ចុប្បន្នមានអាយុ ៦៤ឆ្នាំ ទទួលបានសម្លេងឆ្នោតសរុបជាង ៤០% នៅក្នុងបោះឆ្នោតជាសកលមួយនេះ ដោយវ៉ាដាច់គូប្រជែងដ៏ធំបំផុតរបស់ខ្លួន គឺលោក Hou Yu-ih មកពីគណបក្ស Kuomintang និងលោក Ko Wen-je មកពី​គណបក្ស​ប្រជាជន​តៃវ៉ាន់​។ 

អតីតគ្រូពេទ្យដែលមានការអប់រំខ្ពស់ នៅក្នុងសាកលវិទ្យាល័យ Harvard របស់ចក្រភពអង់គ្លសរូបនេះ គ្រោងនឹងចូលកាន់តំណែងជាផ្លូវការ នៅក្នុងខែឧសភាខាងមុខ ដោយជំនួសលោកស្រី Tsai Ing-weng ដែលនឹងត្រូវផុតអាណត្តិ។ 

លោក Lai បានកើតនៅក្នុងឆ្នាំ១៩៥៩ នៅសង្កាត់ Wanli ទីក្រុង New Taipei ជាកូនប្រុសរបស់កម្មករជីករ៉ែធ្យូងថ្ម។ លោកបានទទួលសញ្ញាប័ត្រពីនាយកដ្ឋានវេជ្ជសាស្ត្ររាងកាយ និងស្តារនីតិសម្បទារបស់សាកលវិទ្យាល័យជាតិតៃវ៉ាន់ និងបន្តបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យជាតិ Cheng Kung ។ក្រោយមកទៀត លោកក៏បានទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសុខភាពសាធារណៈពីសាកលវិទ្យាល័យ Harvard ដែលធ្វើឲ្យលោកក្លាយជាអ្នកជំនាញផ្នែកសុខាភិបាលដ៏ល្បីបំផុតម្នាក់របស់តៃវ៉ាន់ លើជំនាញស្តារនីតិសម្បទា ការថែទាំព្យាបាល និងជំនាញសុខភាពសាធារណៈ។

លោក Lai បានចូលរួមក្នុងកិច្ចការសាធារណៈជាលើកដំបូង ក្នុងនាមជាប្រធានសមាគមគ្រូពេទ្យ របស់ទីក្រុង Tainan ស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់ តាមរយ:ការបោះឆ្នោតមួយធ្វើឡើងក្នុងឆ្នាំ១៩៩៤ ក្រោមគណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP)។

រហូតដល់ឆ្នាំ១៩៩៦ ក្នុងអំឡុងពេលមានវិបត្តិច្រកសមុទ្រតៃវ៉ាន់ លោក Lai បានសម្រេចចិត្តធ្វើត្រាប់តាមអ្នកកាន់តំណែងមុនៗ របស់បក្ស ក្នុងការស្វែងរកលទ្ធិប្រជាធិបតេយ្យ ហើយបានបោះបង់អាជីពពេទ្យរបស់ខ្លួនចោល ដើម្បីចូលប្រឡូកក្នុងនយោបាយពេញលេញ។ នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំនោះ លោកទទួលបានសម្លេងឆ្នោតនាំមុខគេ និងត្រូវបានជ្រើសរើសជាតំណាងរាស្រ្តប្រចាំទីក្រុង Tainan តែម្តង។ 

ជាមួយនឹងប្រជាប្រិយភាពដ៏ធំធេង លោក Lai បានចូលកាន់តំណែងជាអភិបាលក្រុង Tainan ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៧ និងបានក្លាយជាតួអង្គសំខាន់នៅក្នុងក្រុម “ជំនោរថ្មី” របស់គណបក្ស ដោយលោកបានតស៊ូមតិនៅចំណុចមួយ សម្រាប់ការដាក់បញ្ចូលឃ្លាស្តីពីឯករាជ្យភាពតៃវ៉ាន់ នៅក្នុងធម្មនុញ្ញគណបក្សផងដែរ។

ដោយទទួលយកទំនួលខុសត្រូវភាពជាអ្នកដឹកនាំថ្មីរបស់បក្ស ក្នុងគ្រាលំបាកមួយ លោក Lai ត្រូវបានផ្តល់ទំនុកចិត្តឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីតៃវ៉ាន់ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ។

ចំពោះភាពលេចធ្លោជាបន្តបន្ទាប់ ក្នុងឆ្នាំ២០១៩ លោក Lai បានទទួលយកសំណើពីសំណាក់ប្រធានាធិបតីតៃវ៉ាន់ គឺលោកស្រី Tsai Ing-wen ឲ្យឡើងធ្វើជាអនុប្រធានាធិបតី ដែលគ្រានោះលោកស្រីកំពុងឈរឈ្មោះនៅក្នុងការបោះឆ្នោត នៅឆ្នាំបន្ទាប់។ ដោយធ្វើការនៅជួរមុខរដ្ឋាភិបាល ដើម្បីបង្រួបបង្រួមប្រព័ន្ធប្រជាធិបតេយ្យរបស់តៃវ៉ាន់ លោក Lai បានធ្វើយុទ្ធនាការសម្រាប់បេក្ខជនបក្ស DPP នៅទូទាំងដែនកោះ និងការពារលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ ដែលនេះបានជួយឲ្យលោកស្រី Tsai ឈ្នះការបោះឆ្នោតឡើងវិញ ហើយបក្ស DPP នៅតែបន្តរក្សាសំឡេងភាគច្រើនក្នុងសភា។

រហូតដល់ឆ្នាំ ២០២៤នេះ ជាមួយនឹងភាពជោគជ័យក្នុងការបោះឆ្នោតឡើងកាន់តំណែងជាប្រធានាធិបតីថ្មី លោក Lai បានសន្យាថានឹងបន្តគោលនយោបាយរបស់ប្រធានាធិបតីចាស់ លោកស្រី Tsai Ing-wen ដោយសង្កត់ធ្ងន់លើឥទ្ធិពលដ៏សំខាន់របស់អ្នកកាន់តំណែងមុនរបស់បក្ស ក្នុងការបង្កើតសុន្ទរកថាការពារជាតិ និងគោលនយោបាយការបរទេសរបស់តៃវ៉ាន់៕