លោកឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ នាយកក្រុមហ៊ុន ចតុមុខ សឺវីស គ្រុប និងជាម្ចាស់ហាង Tube Coffee Central នៅផ្សារទំនើប Sami Square ខណ្ឌទួលគោក បានសម្រេចផ្លាស់ប្តូរឈ្មោះហាងទៅជា TUBE Coffee + ដែលជានិមិត្តសញ្ញានៃហាងមានលក់ទាំងកាហ្វេ បូករួមនឹងអាហារ។
តាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន បានបញ្ជាក់ថា ការប្តូរឈ្មោះរបស់ TUBE Central ទៅជា TUBE Coffee + នេះ គឺជាការវិវត្តន៍មួយបញ្ជាក់ពីការប្តេជ្ញានិងចេតនារបស់ក្រុមហ៊ុនក្នុងការពង្រីកបន្ថែមភាពងាយស្រួលជូនអតិថិជន ក្នុងការស្វែងរកកាហ្វេ និងអាហារដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងសេវារហ័សនៅក្នុងកន្លែងតែមួយ។ TUBE Coffee + មានមុខម្ហូប ត្រូវបានរៀបរៀងយ៉ាងយកចិត្តទុកដាក់ជាមួយនឹងគ្រឿងផ្សំក្នុងស្រុកជាមួយគុណភាព ការវេចខ្ចប់យ៉ាងប្រណិត ធានាបាននូវអនាម័យ និងរសជាតិឆ្ងាញ់។
បច្ចុប្បន្ន TUBE Coffee + បានបើកសេវាកម្មជូនអតិថិជនទូទាំងរាជធានីភ្នំពេញ ចំនួន ៦សាខា រួមមាន៖ ១)ធ្យូប កាហ្វេ ផ្លឹស ទួលគោក (ធ្យូប សេនត្រល សម័យ ស៊្វែរ), ២)ធ្យូប កាហ្វេ ផ្លឹស ជ្រោយចង្វារ, ៣)ធ្យូប កាហ្វេ ផ្លឹស កោះពេជ្រ, ៤)ធ្យូប កាហ្វេ ផ្លឹស ចំការដូង, ៥)ធ្យូប កាហ្វេ ផ្លឹស កាណាឌីយ៉ា និងវឌ្ឈនៈផាក និង ៦)ធ្យូប កាហ្វេ ផ្លឹស រាជធានី។
សូមជម្រាបជូនថា ឧកញ៉ា អ៊ុក សំរិទ្ធិពេជ្រ មានជំនួញសំខាន់ៗក្នុងដៃដូចជា ក្រុមហ៊ុនកម្ចាត់សត្វល្អិត Orkin, ក្រុមហ៊ុន Fumex, ម្ចាស់ភាគហ៊ុនលក់រថយន្តអគ្គិសនីដ៏ល្បីរបស់ចិន BYD សាខាព្រះមុន្នីវង្ស និងម្ចាស់ហាង TUBE Coffee + នៅផ្សារទំនើប Sami Square ខណ្ឌទួលគោក ព្រមទាំង Tube Coffee ផ្សារដំរីផាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕