រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការក្លាយជាភ្ញៀរទេសចរបរទេសដំបូងគេដែលនឹងត្រូវបានអនុញ្ញាតឲ្យចូលទៅលេងកម្សាន្តនៅក្នុងប្រទេសកូរ៉េខាងជើង ចាប់តាំងពីប្រទេសនេះបានបិទច្រកព្រំដែនរបស់ខ្លួនដើម្បីប្រឆាំងទៅនឹងជំងឺរាតត្បាតកូវីដ-១៩ កាលពីដើមឆ្នាំ២០២០ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
កូរ៉េខាងជើង ស្ថិតក្នុងចំណោមប្រទេសមួយចំនួនទៀតលើពិភពលោក ដែលបានដាក់ការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹងបំផុត ក្នុងអំឡុងពេលរីករាលដាលនៃកូវីដ-១៩ ហើយរហូតមកទល់នឹងពេលនេះ នៅមិនទាន់បានបើកពេញលេញឡើងវិញសម្រាប់ជនបរទេសនៅឡើយទេ។
គួរឲ្យដឹងថាការធ្វើដំណើរកម្សាន្តនេះ ត្រូវបានរៀបចំធ្វើឡើងដោយទីភ្នាក់ងារទេសចរណ៍ ដែលមានមូលដ្ឋាននៅទីក្រុង Vladivostok បន្ទាប់ពីអាជ្ញាធរតំបន់ Primorsky Krai ដែលជាខេត្តជាប់ព្រំប្រទល់ជាមួយនឹងប្រទេសកូរ៉េខាងជើង បានអញ្ជើញទៅធ្វើដំណើរទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង កាលពីក្នុងខែធ្នូឆ្នាំមុន។
ដំណើរកម្សាន្តនេះ នឹងមានរយៈពេល ៤ថ្ងៃ ដោយនឹងចាប់ផ្តើមចេញដំណើរនៅថ្ងៃទី៩ ខែកុម្ភៈ ហើយរាប់បញ្ចូលទាំងការឈប់សម្រាកនៅក្នុងទីក្រុងព្យុងយ៉ាង និងរមណីយដ្ឋានមួយចំនួនផ្សេងទៀត។
ជម្រាបជូនផងដែរថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូលមួយ ដែលស្ថិតនៅភាគខាងកើតប្រទេសរុស្ស៊ីកាលពីក្នុងខែកញ្ញា ឆ្នាំមុន នៅពេលដែលមេដឹកនាំប្រទេសទាំងពីរ សន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច នយោបាយ និងយោធា បើទោះបីជាមានការដាក់ទណ្ឌកម្មអន្តរជាតិក៏ដោយ៕