ក្រុមហ៊ុន VINCI បង្ហាញពីគម្រោងពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យលោកNicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនៃជំនួបនោះ ក្រុមហ៊ុន VINCI Airports ដែលជាបុតសម្ព័ន្ធ VINCI Croup និងជាក្រុមហ៊ុនធំមួយរបស់បារាំង បានបង្ហាញពីអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន VINCI និងគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។

លើសពីនោះ លោកក៏បានសម្តែងនូវក្ដីរីករាយចំពោះ សុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាដែលជាលក្ខខណ្ឌអំណោយផលដ៏សំខាន់ដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូននៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យអាកាសចរណ៍ស៊ីវិលជាង៣០ឆ្នាំកន្លងមកនេះ។

ទន្ទឹមនឹងនោះ សម្ដេចធិបតីក៏បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនពង្រីកការវិនិយោគលើវិស័យសំខាន់ៗផ្សេងទៀតនៅកម្ពុជា ដើម្បីជាការដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សូមបញ្ជាក់ថា VINCI Group ជាក្រុមហ៊ុន ឈានមុខគេលើការវិនិយោគ គម្រោងសម្បទាននៃគម្រោងថាមពល និងសំណង់ផ្សេងៗ ដែលមានសេវាកម្មធំៗចំនួន ៨ មានដូចជា៖ VINCI Autoroutes, VINCI Airport, VINCI Highways, VINCI Energies, VINCI Construction, VINCI Immobilier, Cobra IS និងផ្តល់សម្បទាន។

VINCI Group មានបុគ្គលិកសរុប ២៧២ ០០០នាក់ និងមាន ៧ ២៦៧សាខានៅលើពិភពលោក និងមាន ៧៤សាខានៅតំបន់អាស៊ាន ដោយក្នុងនោះ ក៏មានវត្តមាននៅកម្ពុជា ចំនួន ១០ទីតាំងផងដែរ។ សម្រាប់ក្រុមហ៊ុន VINCI Airports គឺជាបុត្រសម្ព័ន្ធរបស់ VINCI Group ដែលកំពុងប្រតិបត្តិការជាង ៧០អាកាសយានដ្ឋាន ក្នុងប្រទេសចំនួន ១៣នៅតំបន់អឺរ៉ុប អាស៊ី និងអាមេរិក៕