សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រុមហ៊ុន ACCOR ពង្រីកការវិនិយោគបន្ថែមលើវិស័យសណ្ឋាគារ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាពនៃវិស័យទេសចរណ៍បន្តងើបឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកទឹកចិត្តបែបនេះរបស់សម្តេចធិបតីក្នុងឱកាសសម្តេចធិបតីអនុញ្ញាតឱ្យលោកស្រី Maud BAILLY នាយកប្រតិបត្តិ Sofitel, MGallery  និង Emblems តំណាងឱ្យ ACCOR Group ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួបនោះ លោកស្រី Maud BAILLY បានបង្ហាញអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ACCOR Group នៅក្នុងប្រទេសកម្ពុជា។លើសពីនេះ លោកស្រីក៏បានបង្ហាញអំពីស្ថានភាពកាន់តែល្អប្រសើរនិងដំណើរវិវឌ្ឍន៍នៃវិស័យទេសចរណ៍នៅកម្ពុជា និងមានសុទិដ្ឋិនិយម ថាវិស័យទេសចរណ៍នៅកម្ពុជាឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរផងដែរ។

លោកស្រី បានបន្តថាក្រុមហ៊ុន  ACCOR Group បាននិងកំពុងវិនិយោគក្នុងវិស័យសណ្ឋាគារដែលមានសណ្ឋាគារបែបទំនើប និងមធ្យម និងបែប Boutique Hotel ផ្សេងៗទៀត ដែលជាការលើកស្ទួយនៃរូបភាពនិងកិត្យានុភាពនៃប្រទេសកម្ពុជា។តាមរយៈសណ្ឋាគារសូហ្វីតែល ដែលមានប្រតិបត្តិការអាជីវកម្មនៅជុំវិញពិភពលោក បានចូលរួមផ្សព្វផ្សាយនូវវប្បធម៌ និងភាពល្អឥតខ្ចោះនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីជំរុញឱ្យអ្នកទេសចរណ៍ មកទស្សនាខេត្តសៀមរាប នៅឆ្នាំ២០២៤ ឱ្យកាន់តែច្រើនថែមទៀត។

ជាកិច្ចឆ្លើយតប សម្តេចធិបតី មានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ដែលនឹងជួយលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ និងវិវត្តទៅរកស្ថានភាពមុនវិបត្តិកូវីដ-១៩ និងបានបង្កើតការងារដល់ប្រជាពលរដ្ឋ និងជាការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាពនៃវិស័យទេសចរណ៍បន្តងើបឡើងវិញផងដែរ។

សូមបញ្ជាក់ថា Group ACCOR ជាក្រុមហ៊ុនដែលប្រតិបត្តិការលើសេវាកម្មសណ្ឋាគារ ដែលគ្រប់គ្រងលើសណ្ឋាគារចំនួន ជាង៤០ម៉ាក (Brand) ទូទាំងពិភពលោក ក្នុងនោះ Group ACCOR ក៏បានដាក់ទុនវិនិយោគចំនួន ៩ទីតាំងនៅកម្ពុជា មាននៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដូចជា Raffles Hotel Le Royal, Raffles Grand Hotel d’Angkor, Sofitel Angkor Phokeethra Golf & Spa Resort, Sofitel Phnom Penh Phokeethra, ibis budget Phnom Penh Riverside, ibis Styles Siem Reap, TRIBE Phnom Penh Post Office Square, Novotel Phnom Penh BKK 1 និង Novotel Sihanoukville Holiday Resort៕