ឧកញ៉ា ប៉ិច បូឡែន ៖ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សាចាំបាច់ត្រូវមានកត្តាសំខាន់ៗចំនួន៥

ជុំវិញ​ឧកញ៉ា


ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញសាលារៀនវេសឡាញ អេឌ្យូខេសិន គ្រុប យល់ឃើញថាដើម្បីទទួលបានជោគជ័យក្នុងការសិក្សាចាំបាច់ត្រូវមានកត្តាសំខាន់ៗចំនួន៥ គឺ កត្តាខ្លួនឯង សាលារៀន គ្រូបង្រៀន អ្នកអាណាព្យាបាល និងទំនាក់ទំនងសង្គម។ ការលើកឡើងយ៉ាងដូច្នេះក្នុងពិធីប្រគល់រង្វាន់ជ័យលាភីសិស្សនិទ្ទេស A ឆ្នាំសិក្សា ២០២២-២០២៣ កាលពីពេលថ្មីកន្លងមកនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា ប៉ិច បូឡែន

លោកឧកញ៉ា បានពន្យល់ថា កត្តាគោលដំបូងបំផុតដែលនាំឱ្យសិស្សានុសិស្សមានលទ្ធផលល្អក្នុងការសិក្សា គឺទី១កត្តាខ្លួនឯង ដោយចាំបាច់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ សេពគប់មិត្តដែលត្រឹមត្រូវ ព្រមជាមួយនឹងការមានគោលដៅ និងបុព្វហេតុសន្ទុះចិត្ត។ ទី២ សាលារៀន គឺជាកត្តារួមចំណែកបន្ទាប់ដើម្បីឱ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា, ក្នុងនោះមានដូចជាការបង្កបរិយាកាសល្អសម្រាប់សិស្សក្នុងការសិក្សា រៀបចំឱ្យសិស្សបង្កើតក្លឹបសិក្សា បង្កើតក្លឹបសិក្សាមិត្តបង្រៀនមិត្ត ។ ការតាមដានសុខភាពផ្លូវចិត្ត និងផ្តល់ការប្រឹក្សាយោបល់ដល់សិស្ស ក៏ជារឿងសំខាន់ដែលសាលារៀនត្រូវធ្វើដើម្បីជួយទៅដល់សិស្សដូចគ្នា។ ទី៣ គ្រូបង្រៀន ក៏ជាកត្តាសំខាន់សំខាន់មួយដែរ ក្នុងនោះគ្រូបង្រៀនត្រូវតាមដានលទ្ធផលសិក្សារបស់សិស្ស ហើយជួយសិស្សប្រសិនបើពួកគេរៀនខ្សោយ ដោយផ្តល់នូវការរៀនបំប៉នបន្ថែម។

ចំណែក ទី៤ អាណាព្យាបាល កត្តានេះជាកត្តាសំខាន់បំផុតពីព្រោះមិនថាតែសាលារដ្ឋ សាលាឯកជននោះទេ ការចូលរួមជាវិជ្ជមានពីមាតាបិតាអ្នកអាណាព្យាបាលគឺសំខាន់ណាស់។ មាតាបិតា ឬអ្នកអាណាព្យាបាល គឺជាអ្នកលើកទឹកចិត្ត ជាអ្នកប្រឹក្សា និងផ្តល់បរិយាកាស និងទី៥ កត្តាទំនាក់ទំនងសង្គម រួមទាំងមិត្តភក្តិ កត្តានេះ សិស្សានុសិស្សគួរសេពគប់មិត្តភក្តិដែលល្អ, នៅពេលដែលមានមិត្តភក្តិល្អ បង្កើតជាក្លឹបសិក្សាល្អ នោះលទ្ធផលក៏ទំនងជាខ្ពស់ផងដែរ។

លោកឧកញ៉ាបញ្ជាក់ថា លោកគ្រូអ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល ក៏ត្រូវជួយមើលសិក្សានុសិស្សក្នុងការរាប់អានមិត្តភក្តិផងដែរ ដើម្បីឱ្យប្រាកដថា កូនរបស់យើង សិស្សរបស់យើង មានមិត្តភក្តិត្រូវ មានសង្គមត្រូវ។ អត្ថបទ៖ សុកធា