កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនមេសម្ព័ន្ធរបស់អ្នកឧកញ៉ាធំៗនៅប្រទេសកម្ពុជា ៣រូប សម្រេចុះអនុស្សរណៈយោគយល់ MoU ជាមួយក្រុមហ៊ុនប្រទេសនិយាយភាសាបារាំង ចំនួន០៦ ក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្រុមហ៊ុនធំៗទាំង ៣រូបរបស់ក្រុមមហាសេដ្ឋីកម្ពុជាទាំងនោះរួមមាន៖ ទី១ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Blue Circle ដែលមានជំនាញ និងបទពិសោធន៍ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់។ ទី២ ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ សម្រេចចុះអនុស្សរណៈយោគយល់ដល់ទៅ ៣ក្រុមហ៊ុនឯណោះ គឺ ១, អនុស្សរណៈយោគយល់រវាងអាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និងក្រុមហ៊ុន Lagardere Travel Retail ជាក្រុមហ៊ុនអន្តរជាតិធំមួយមានមូលដ្ឋានទីក្រុងបារីសដែលកំពុងប្រតិបតិការជាង ៥ពាន់ហាងតាមព្រលានយន្តហោះ និងស្ថានីយ៍រថភ្លើង ២, អនុស្សរណៈយោគយល់រវាងក្រុមហ៊ុន OCIC និង Aloest Productions ជាក្រុមហ៊ុនសោតទស្សន៍របស់បារាំង ដែលផលិតភាពយន្តឯកសារដែលមានលក្ខណៈជាល្ខោន និងទូរទស្សន៍ដ៏ល្បីឈ្មោះ។ ៣, អនុស្សរណៈយោគយល់រវាងក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42) ជាអ្នកសិក្សាធ្វើមាត្រដ្ឋានផលប៉ះពាល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម កិច្ចព្រមព្រៀងវិនិយោគផលប៉ះពាល់ឈ្មួញកណ្តាល និងសហការបង្កើតក្របខ័ណ្ឌគោលនយោបាយជាមួយវិស័យឯកជន និងសាធារណៈ។
ចំណែកឯទី៣ អនុស្សរណៈយោគយល់រវាងក្រុមហ៊ុន LYP គ្រុប របស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន SEMMARIS ជាក្រុមហ៊ុនគ្រប់គ្រងនៃទីផ្សារអន្តរជាតិ Rungis ដែលជាទីផ្សារលក់អាហារស្រស់លក់ដុំដ៏ធំបំផុតនៅលើពិភពលោក ដែលមានក្រុមហ៊ុនជាង ១,២០០ក្រុមហ៊ុនជាដៃគូ។ បន្ថែមទៀតនេះ ក៏មានការចុះអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ដែលមានតួនាទីក្នុងការស្វែងរកឱកាសវិនិយោគជូនដល់ក្រុមហ៊ុនបារាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងថា តាមរយៈការចុះអនុស្សរណៈយោគយល់នេះនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំងតាមរយៈការរៀបចំ ជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។ ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចក្រុមហ៊ុនបារាំង និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕