អាហារូបករណ៍ អ្នកឧកញ៉ា ចេន ហ្សុី (Chen Zhi) ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៤ ដែលមានការចូលរួមពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់និស្សិតនៅកម្ពុជាក្នុងការទទួលបានការឧបត្ថម្ភ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សារបស់ខ្លួន បានបើកទទួលពាក្យអនឡាញជាផ្លូវការហើយ។
តាមការបញ្ជាក់ពីមូលនិធិព្រីនស៍ (Prince Foundation) របស់អ្នកឧកញ៉ា ចេន ហ្ស៉ី បានឱ្យដឹងថា អាហារូបករណ៍នេះទទួលបានអត្ថប្រយោជន៍រួមមាន៖ ១)ការបង់ថ្លៃសិក្សារយៈពេល ៤ឆ្នាំពេញ, ២)ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ការចំណាយផ្ទាល់ខ្លួន, ៣)ការចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍ខ្លួនឯង និង ៤)ឱកាសហាត់ការដើម្បីទទួលបានបទពិសោធន៍ការងារនៅក្នុងក្រុមហ៊ុនព្រីនស៍ផ្ទាល់តែម្តង។
ចំពោះលក្ខខណ្ឌក្នុងការចុះឈ្មោះគឺត្រូវមាន សញ្ជាតិខ្មែរ, បញ្ចប់ថ្នាក់បត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ឬ ២០២៣ និងបានចុះឈ្មោះចូលរៀនរួចរាល់ទៅតាមមុខជំនាញ និងសកលវិទ្យាល័យដូចខាងក្រោម៖
១. សកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)៖ ផ្នែក វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, ព័ត៌មានវិទ្យា, ការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ, ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។
២. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)៖ ផ្នែក វិស្វកម្មសំណង់ស៊ីវិល
៣. សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM)៖ ផ្នែក សេដ្ឋកិច្ចឌីជីថល, ទេសចរណ៍ និងបដិសណ្ឋារកិច្ច។
សិស្សានុសិស្ស អាចដាក់ពាក្យសុំអាហារូបករណ៍តាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/DdjnAX9rSg1UiBEs6
ផុតកំណត់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ម៉ោង ១១:៥៩ យប់។
គួររំឭកថា មូលនិធិព្រីនស៍របស់អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតថ្នាក់បរិញ្ញាបត្រ ចំនួន ៤០០នាក់ផងដែរ សម្រាប់ជំនាន់ទី២ កាលឆ្នាំ២០២៣។
កម្មវិធីអាហារូបករណ៍របស់ មូលនិធិព្រីនស៍ គឺជាមូលនិធិសប្បុរសធម៌របស់ ព្រីនស៍ ហូលឌីង គ្រុប ហើយអាហារូបករណ៍ ចេន ហ្ស៊ី នេះ គឺដាក់ឈ្មោះតាមអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលមានគោលបំណងផ្តល់ទាំងជំនួយក្នុងការសិក្សា និងបទពិសោធន៍ការងារដល់និស្សិត ដោយធានាថាពួកគេទទួលបានការអប់រំដែលមានគុណភាព ក៏ដូចជាឱកាសក្នុងការដកបទពិសោធន៍ការងារស្ដង់ដាអន្តរជាតិ៕