កូរ៉េខាងជើង ចាត់ទុកកូរ៉េខាងត្បូងជាសត្រូវធំបំផុត និងព្រមានពីហានិភ័យផ្ទុះសង្គ្រាម

អន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំជាបន្ទាន់មួយ និងបានប្រកាសក្ដែងៗ​ថា កូរ៉េខាងត្បូងគឺជាសត្រូវដ៏ធំរបស់ខ្លួន ដោយព្រមានពីហានិភ័យនៃការផ្ទុះសង្គ្រាម អាចកើតឡើងបានគ្រប់ពេល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន KCNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ថែមពីនោះ មេដឹកនាំកំពូលកូរ៉េខាងជើងក៏បានបញ្ជាក់ច្បាស់ៗថា ការរួបរួមជាមួយកូរ៉េខាងត្បូង ក៏មិនអាចកើតមានទៀតបានដែរ បន្ទាប់ពីចោទរដ្ឋាភិបាលក្រុងសេអ៊ូលថា បានព្យាយាមផ្ដួលរលំ​របបដឹកនាំកូរ៉េខាងជើង និងស្វែងរកការបង្រួបបង្រួមដោយកម្លាំងបាយ។

លោក គីម បានលើកឡើងថា កូរ៉េខាងជើងមិនចង់បង្កសង្គ្រាមទេ តែបើកាលៈទេសៈបង្ខំ នោះលោកក៏មិនគេចវែសពីវាដូចគ្នា និងបានបញ្ជាឲ្យមន្ត្រីទាំងអស់រៀបចំផែនការ​សម្រាប់ការកាន់កាប់ គ្រប់គ្រង និងដណ្ដើមយកកូរ៉េខាងត្បូងមកវិញ ខណៈប្រជាជនកូរ៉េខាងត្បូងក៏លែងចាត់ទុកជាជនរួមជាតិ ជាមួយប្រជាជនកូរ៉េខាងជើងផងដែរ។

សូមជម្រាបបន្ថែមថា សារព័ត៌មាន KCNA ក៏បានបញ្ជាក់ទៀតថា ស្ថាប័នចំនួន៣ ដែលតែងតែធ្វើការជុំវិញការបង្រួបបង្រួមរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ក៏ដូចជាការទំនាក់ទំនង និងវិស័យទេសចរណ៍អន្តរកូរ៉េ ក៏ត្រូវបានបញ្ជាឲ្យកាត់ផ្ដាច់ភ្លាមៗផងដែរ។

ជុំវិញបញ្ហាមួយនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក៏បានថ្កោលទោសចំពោះការលើកឡើងរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងចាត់ទុកថា ជាទង្វើប្រឆាំងជាតិ សម្រាប់ការហៅកូរ៉េខាងត្បូងជាប្រទេសអរិភាព៕