លោក Nguyen Dang Quang ប្រធានក្រុមហ៊ុនលក់ទំនិញរាយខ្នាតយក្សវៀតណាម Masan Group ត្រូវបានដកចេញពីបញ្ជីមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុត របស់ទស្សនាវដ្ដី Forbes សារជាថ្មី ពោលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់លោកលេចវត្តមានក្នុងបញ្ជីនេះ។
តាមការចុះផ្សាយពីសារព័ត៌មាន VN Express បានរាយការណ៍ថា លោក Quang បានបាត់មុខពីបញ្ជីមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុត កាលពីថ្ងៃចន្ទ ទី១៥ ខែមករាកន្លងទៅ បន្ទាប់ពីលោកត្រូវបានទស្សនាវដ្តី Forbes ដាក់ចូលក្នុងបញ្ជីរបស់ខ្លួន កាលពីថ្ងៃទី៣ ខែមករា ជាមួយនឹងទ្រព្យសម្បត្តិប៉ាន់ស្មានសរុបប្រមាណ ១ពាន់លានដុល្លារ។
ជុំវិញមូលហេតុដែលធ្វើឲ្យ លោក Quang ធ្លាក់ចេញពីបញ្ចីឈ្មោះរបស់ Forbes នេះ គឺបណ្តាលមកពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Masan Group MSN បានធ្លាក់ចុះរហូតដល់ទៅ ៣% គិតចាប់តាំងពីថ្ងៃទី៣ ខែមករាមក។
ជម្រាបជូនផងដែរថា បច្ចុប្បន្ននេះ មានមហាសេដ្ឋីវៀតណាមត្រឹមតែ ៥រូបប៉ុណ្ណោះ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ Forbes ដោយក្នុងនោះ មានលោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup ស្ថិតនៅលំដាប់កំពូលជាមួយនឹងទឹកប្រាក់សរុបចំនួន ៤,៥ពាន់លានដុល្លារ ប្រធានក្រុមហ៊ុន Vietjet លោកស្រី Nguyen Thi Phuong Thao ឈរលេខ២ មានទ្រព្យសម្បត្តិ ២,៣ពាន់លានដុល្លារ និងលោក Tran Dinh Long ប្រធានក្រុមហ៊ុនដែកថែប Hoa Phat Group មានទឹកប្រាក់ចំនួន ២,២ពាន់លានដុល្លារ។
ចំណែកឯបុគ្គលពីររូបផ្សេងទៀត ដែលបានជាប់ក្នុងបញ្ជីនេះដែរនោះ គឺលោក Tran Ba Duong ប្រធានក្រុមហ៊ុន Truong Hai Auto Corporation និងក្រុមគ្រួសាររបស់លោក រួមជាមួយនឹងប្រធានក្រុមហ៊ុន Techcombank លោក Ho Hung Anh ដោយម្នាក់ៗមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៤ពាន់លានដុល្លារ៕