ទីផ្សារដំឡូងមីនៅដើមឆ្នាំ២០២៤នេះ មានតម្លៃខ្ពស់ជាងឆ្នាំ២០២៣ ដោយដំឡូងមីស្រស់មានតម្លៃចន្លោះពី៣៣០រៀល ទៅ៣៥០រៀល ក្នុងមួយគីឡូក្រាម ហើយតំបន់ខ្លះអាចមានតម្លៃចន្លោះពី៥១០ទៅ៥២០រៀល ក្នុងមួយគីឡូក្រាម។នេះបើតាមលោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ។
លោក អិល ឈិញ បានឱ្យដឹងថា ចំពោះការដាំដំឡូងមីនៅកម្ពុជាមានការរីកចម្រើនខ្លាំង បើគិតមកដល់បច្ចុប្បន្ន ផ្ទៃដីដាំដុះដំឡូងមីអាចចន្លោះពី៦០ម៉ឺនទៅ៨០ម៉ឺនហិកតា ដោយសារមានទីផ្សារល្អ។ម្យ៉ាងទៀត ក៏មានការរីកចម្រើនអំពីការដាំដុះដំឡូងមី ដោយសារកាលពីមុនយើងដាំតាមលក្ខណៈតាមទំនៀមទម្លាប់វាទទួលទិន្នផលទាប ប្រជាជនភាគច្រើនមានការបាត់បង់ ដល់ពេលបច្ចុប្បន្ននេះមានសមាគម និងសហគមន៍ផ្សេងៗទៀតជួយគាំទ្រកសិករ ណែនាំពីបច្ចេកទេសនៃការដាំដុះ នាំឱ្យកសិករដាំដុះដំឡូងមីបានទិន្នផលប្រសើរជាងមុន។
លោកបន្តថា នៅដើមឆ្នាំ២០២៤នេះ ដំឡូងនៅមិនទាន់អាចធ្លាក់ថ្លៃនៅក្រោម៣០០រៀលទេ ព្រោះនៅប្រទេសថៃខ្វះដំឡូង ដោយសារកសិករថៃអំឡុងពេលប្រែប្រួលអាកាសធាតុបានបាត់បង់ទិន្នផលមួយចំនួន ដូច្នេះថៃនៅតែទទួលការទិញច្រើនជាងឆ្នាំមុនៗ។ដើមឆ្នាំនេះ ការចាប់ទិញដំបូងតម្លៃចន្លោះពី៣៥០រៀល ទៅ ៣៧០រៀលសម្រាប់ដំឡូងមីស្រស់នៅខាងខេត្តប៉ែកខាងជើង (ដូចជា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យជាដើម)ចំណែកខាងកំពង់ចាម ស្ទឹងត្រែង ក្រចេះ មានតម្លៃ ៥១០ទៅ៥២០ សម្រាប់ដំឡូងមីក្រៀមមិនទាន់មានតម្លៃខ្ពស់ជាងឆ្នាំមុនៗនៅឡើយទេ ពោលខ្ទង់៧៨០ទៅ៧៥០រៀលក្នុងមួយគីឡូក្រាម។
លោកបានបន្តទៀតថា សម្រាប់ទីផ្សារនាំចេញនៅឆ្នាំ២០២៣មានការសិក្សាច្រើនតែមិនទាន់មានលទ្ធផលល្អនៅឡើយទេ រហូតមកដល់ពេលនេះដំឡូងមីឡើងតម្លៃខ្ពស់ ដូច្នេះការបញ្ជាទិញទៅក្រៅប្រទេសដូចជាទៅចិនមានការស្ងាត់។សម្រាប់ប្រទេសដែលជាខ្នងបង្អែករឹងមាំក្នុងការបញ្ជាទិញដំឡូងមីពីកម្ពុជារហូតគឺមានប្រទេសវៀតណាម និងថៃ ព្រោះប្រទេសយើងដៃខ្លី មានទាន់អាចលក់ដូរផលិតផលទៅកាន់ពិភពលោកបានទេ។ហើយការនាំចេញនេះនៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការគេនៅឡើយទេ មានន័យថាមួយថ្ងៃ តាមលានទិញមួយមានឡានដប់គ្រឿងមកដឹកដំឡូង យើងបានដំឡូងឱ្យគេត្រឹមតែ៣ទៅ៤គ្រឿងប៉ុណ្ណោះ។
បើតាមប្រធានសមាគមដំឡូងមីខ្មែរ បានបញ្ជាក់ថាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញធ្វើឱ្យមានរោងចក្រមួយចំនួនចាប់ផ្តើមបង្កើតឡើងហើយនិងមានអ្នកវិនិយោគមួយចំនួនត្រៀមឬក៏បានពិភាក្សាជាមួយសមាគមជាហូហែរហើយក្នុងការនាំចេញដំឡូងមីទៅចិន ជប៉ុន តែយើងមិនទាន់មានដំណើរការល្អនៅឡើយទេ ស្ថិតនៅក្នុងការពិភាក្សានិងជជែកគ្នាអំពីវិធីសាស្រ្តក្នុងការប្រមូលទិញ ការពិនិត្យដំឡូងមីស្អាត ហើយនិងច្រកចេញនៅឡើយ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញកសិផលសរុបជិត ៨.៥លានតោន គិតជាទឹកប្រាក់ជិត៤.៥ពាន់លានដុល្លារ ថយចុះ១.៩០%។ក្នុងនោះ កម្ពុជានាំចេញចំណិតដំឡូងមីក្រៀមប្រមាណ ១ ២៨ ៩៧៣៩.០៤តោន ថយចុះ៣៧.៦៤% ,ដំឡូងមីស្រស់១ ៩៦ ១៣៧៥.០០តោន កើនឡើង២៦.៥១% , និងម្សៅដំឡូងមីប្រមាណ ៣៦ ២៥៦.៨០តោន ថយចុះ៤៥.៣៩% បើធៀបនឹងឆ្នាំ២០២២៕