រាជរដ្ឋាភិបាលសម្រេចកាត់យកឃុំតារុនឯក និងឃុំបល្ល័ង្កបង្កើតជា«ក្រុងរុនតាឯកតេជោសែន»

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសម្រេចបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។

ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន ២គឺ សង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក។ ទីតាំងរដ្ឋបាល ក្រុងរុនតាឯកតេជោសែន ត្រូវស្ថិតនៅក្នុងសង្កាត់រុនតាឯក។ ទីតាំងរដ្ឋបាលស្រុកបន្ទាយស្រី ត្រូវស្ថិតនៅក្នុងឃុំខ្នារសណ្ដាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍បញ្ជាក់ថា ការកែប្រែតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯកនេះ ក្លាយជាសមិទ្ធផលជាប្រវត្តិសាស្ត្រ និងជាមរតកដ៏ថ្លៃថ្លា ហើយនឹងក្លាយជាបុរីជនបទគំរូ ដែលជាការធ្វើឱ្យប្រជាពលរដ្ឋអាចទទួលបានសិទ្ធិលើកម្មសិទ្ធិដីធ្លីស្របច្បាប់ មានឱកាសសេដ្ឋកិច្ចច្រើន ជាងមុន និងជីវភាពរស់នៅល្អប្រសើរជាងមុន។លើសពីនេះ ការអភិវឌ្ឍន៍តំបន់រុនតាឯក ឲ្យក្លាយទៅជាក្រុងមួយដ៏ស្រស់ស្អាតរបស់ខេត្តសៀមរាប ជាការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ជាការលើកទឹកចិត្តប្រជាពលរដ្ឋ ដែលនៅសេសសល់ ដែលគ្រោងឲ្យពួកគាត់ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ៕