OECD ប្រកាសជួយកម្ពុជាលើផ្នែកបចេ្ចកទេសក្នុងការកសាងគោលនយោបាយដើម្បីសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច


អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD) ប្រកាសបន្តគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេសក្នុងការកសាងគោលនយោបាយនានា សំដៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោក Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច បានបញ្ជាក់អំពីគោលជំហររបស់អង្គការ OECD ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ការគាំទ្រផ្នែកបចេ្ចកទេសក្នុងការកសាងក្របខណ្ឌគោលនយោបាយនានា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

លោក ក៏បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចំពោះការដាក់ចេញនូវគោលនយោបាយ និងការកំណត់ទិសដៅនានាក្នុងវិស័យសេដ្ឋកិច្ច និងបរិស្ថាន ។ ក្នុងន័យនេះលោកបានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើនលូតលាស់ និងឈានទៅសម្រេចបាននូវចក្ខុវិស័យ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ចំពោះអង្គការ OECD ដែលបានជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការពិនិត្យឡើងវិញអំពីគោលនយោបាយនានា រួមទាំងគោលនយោបាយពាណិជ្ជកម្ម និង គោលនយោបាយជាតិគាំពារសង្គមជាដើម ។ ដោយឡែក សម្តេចធិបតី ក៏បានរំឭកផងដែរអំពីដំណើរការនៃការកសាង និងអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយឈានចេញពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមជាមួយនឹងចក្ខុវិស័យប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។

គួរបញ្ជាក់ថា អង្គការ OECD ជាអង្គការអន្តររដ្ឋាភិបាល ដែលមានប្រទេសសមាជិក ចំនួន៣៨ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ អង្គការនេះត្រូវបានទទួលស្គាល់ថា ជាអ្នកបោះពុម្ពផ្សាយ ដែលមានឥទ្ធិពលខ្ពស់ នៃទិន្នន័យសេដ្ឋកិច្ចភាគច្រើន តាមរយៈការបោះពុម្ព ក៏ដូចជាការវាយតម្លៃប្រចាំឆ្នាំ និងចំណាត់ថ្នាក់របស់ប្រទេសជាសមាជិក៕