ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាសហប្រធានក្រុមការងារ “ឈ” ផ្នែកឯកជន បានដឹកនាំ កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឈ” “ផ្នែកស្រូវ-អង្ករ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
លោកឧកញ៉ា ចាន់ សុឃាំង បានឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាអ្នកនាំចេញស្រូវអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងតំណាងសហគមន៍កសិករ។ ជាមួយគ្នានោះ ក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ “ឈ” ផ្នែកឯកជន, តំណាងសមាគមភស្តុភារកម្មកម្ពុជា, ក្រុមហ៊ុននាំចេញ នាំចូលស្រូវ អង្ករ និងសមាជិក សមាជិកាពាក់ព័ន្ធនៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
សម្រាប់គោលបំណងនៃកិច្ចប្រជុំខាងលើនេះ គឺដើម្បីបន្តពិគ្រោះ ពិភាក្សានូវបញ្ហាប្រឈមចាស់ ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យស្រូវ-អង្ករ និងលើកឡើងនូវបញ្ហាថ្មីដែលផ្នែកឯកជនកំពុងជួបប្រទះផងដែរ ដូចជា ការនាំចេញស្រូវអង្ករ តម្លៃផ្នែកដឹកជញ្ជូន បញ្ហាពន្ធដារ សវនកម្ម និងរបាយការណ៍គណនេយ្យជាដើម ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលខាងមុខនេះ។
គួរបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំក្រុមការងារ “ឈ” ផ្នែកឯកជនលើកដំបូង បន្ទាប់ពីវេទិការាជរដ្ឋាភិបាលផ្នែក-ឯកជនលើកទី១៩ ដែលប្រារព្ធឡើងកាលពីខែវិច្ឆិកាកន្លងទៅនេះ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការទទួលស្គាល់ជាផ្លូវការនូវសមាសភាពក្រុមការងារទាំង១៤ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដោយមានសមាសភាពចំនួន ៣៩រូប ក្នុងនោះមាន អ្នកឧកញ៉ា និងឧកញ៉ា ចំនួន ១០រូប រួមមានដូចជា៖ ឧកញ៉ា ចាន់ សុឃាំង សហប្រធាន, អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកឧកញ៉ា ភួ វាសនា ឧកញ៉ា សុង សារ៉ន ឧកញ៉ា គឹម សាវុធ (អនុប្រធាន) ឧកញ៉ា យិន វែងអាន ឧកញ៉ា គឹម ប៊ុនសាន្ត ឧកញ៉ា ស៊ិន ចន្ធី ឧកញ៉ា ម៉ែន សុភក្តិ និងឧកញ៉ា ហង្ស សុគន្ធ ជាសមាជិក។ ក្រៅពីនេះ មានលោក-លោកស្រី ព្រមទាំងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងសមាគមភស្តុភារកម្មកម្ពុជា តំណាងសមាគមដឹកជញ្ជូន និងតំណាងសមាគមធនាគារនៅកម្ពុជា៕