អ្នកឧកញ៉ា គង់ សាង ប្រធានសមាគមវាយណភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា( TAFTAC) យល់ឃើញថា វិស័យវាយនភណ្ឌ នៅតែដើរតួនាទីសំខាន់សម្រាប់ទីផ្សារនាំចេញកម្ពុជា បើទោះបីជាកម្ពុជារងផលប៉ះពាល់ជាអវិជ្ជមានដោយសារការរីករាលដាលជំងឺកូវីដ ១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និងបញ្ហាខាងក្រៅដែលកំពុងបន្តកើតឡើងក៏ដោយ។
អ្នកឧកញ៉ា បានលើកឡើងក្នុងមហាសន្និបាតលើកទី ១៦ របស់ TAFTAC កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ថា ក្រោយការថមថយឥទ្ធិពលជំងឺកូវីដ ១៩ កម្ពុជា បានចាប់ផ្តើមឆ្នាំ២០២២ ប្រកបដោយភាពសុទិដ្ឋិនិយមជាមួយនឹងកំណើននាំចេញយ៉ាងខ្ពស់ក្នុងឆមាសដំបូង។ ជាអកុសល ក្រោយមកសង្គ្រាមនៅប្រទេសអ៊ុយក្រែនចាប់ផ្តើមមាន ផលប៉ះពាល់ជាអវិជ្ជមាន លើស្ថានភាពសេដ្ឋកិច្ចសកល ហើយការនាំចេញរបស់កម្ពុជាបានចាប់ផ្តើមធ្លាក់ចុះជាពិសេសនៅរយៈពេល ៥ ខែចុងក្រោយឆ្នាំ២០២២។
អ្នកឧកញ៉ាបានបន្តថា ទោះយ៉ាងណាកម្ពុជាបានបិទបញ្ចប់ឆ្នាំ២០២២ ជាមួយនឹងកំណើន ១៤ ភាគរយ។ ក្នុងឆ្នាំ២០២៣ កន្លងទៅសេដ្ឋកិច្ចពិភពលោក បានបន្តឆ្លងកាត់ភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមជាច្រើន។ បើតាមតួលេខ អគ្គនាយក ដ្ឋានគយ គឺការនាំចេញរបស់វិស័យវាយនភណ្ឌនៅក្នុងឆ្នាំ២០២៣ មានទឹកប្រាក់ប្រមាណ ១១,៤២ ពាន់លានដុល្លារ ធ្លាក់ចុះ ១២ ភាគរយធៀបនឹងឆ្នាំ២០២២ ដែលមានជិត ១៣ ពាន់លានដុល្លារក្នុងនោះ សម្លៀកបំពាក់ធ្លាក់ចុះជាង ១១ ភាគរយ ស្បែកជើងធ្លាក់ចុះ ៨ ភាគរយ ផលិតផលធ្វើដំណើរ និងកាបូបធ្លាក់ចុះ ២១ ភាគរយ និងផលិត វាយនភណ្ឌ ផ្សេងៗទៀតធ្លាក់ចុះប្រហែល ៤ ភាគរយ។
ទោះមានបញ្ហាប្រឈមជាច្រើនយ៉ាងណាក៏ដោយ ក្នុងនាមជាប្រធានសមាគមវាយណភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា អ្នកឧកញ៉ា បានខិតខំមិនឈប់ឈរក្នុងការស្វែងរកការជួយគាំទ្រ ភ្លាមៗពីសំណាក់ រដ្ឋាភិបាល។ ជាក់ស្តែងលើការជួយឧបត្ថម្ភប្រាក់ឈ្នួលដល់កម្មករ និយោជិតក្នុងអំឡុងពេលការព្យួរកិច្ចសន្យា ការងារបណ្តោះអាសន្ន។ ជាបន្តបន្ទាប់សមាគមបានបន្តកិច្ចពិភាក្សាជាប់ជាប្រចាំ ជាមួយដៃគូរាជរដ្ឋាភិបាលលើការជួយគាំទ្រដល់វិស័យឧស្សាហកម្មមួយនេះ។
អ្នកឧកញ៉ា បានបន្ថែមទៀតថា៖ «យើងនឹងជួបបញ្ហាប្រឈមថ្មីៗជាច្រើនទៀតក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ តែខ្ញុំមាន ទំនុកចិត្តថា យើងនឹងអាចជម្នះបញ្ហាប្រឈមទាំងនោះដោយជោគជ័យតាមរយៈការធ្វើការរួមគ្នា។ ខ្ញុំសូមយកឱកាសនេះ ផងដែរដើម្បីអំពាវនាវ ឱ្យសមាជិកទាំងអស់បន្តកិច្ចសហការ និងចូលរួមក្នុងសកម្មភាពនានា របស់សមាគមដើម្បីជួយវិស័យ របស់យើងផងនិងដើម្បីជួយខ្លួនឯងផង»។
បើយោងតាម TAFTAC គិតត្រឹម ខែធ្នូ ឆ្នាំ ២០២៣ សមាគមមានសមាជិកសរុបចំនួន ៧២០ រោងចក្រ/ក្រុមហ៊ុន ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ មានចំនួន ៥២៤ រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៩៣ រោងចក្រផលិតស្បែកជើង ៨ រោងចក្រ ផលិត ផលិតផលផ្សេងៗមានចំនួន ៤៩ និងក្រុមហ៊ុន ផ្សេងៗជាសមាជិកសហការមានចំនួន ៤៦៕
អត្ថបទ៖ សុកធា