ប្រធានសមាគមទេសចរណ៍កម្ពុជា ឧកញ៉ា ឆាយ ស៊ីវលីន បានបង្ហាញការចាប់អារម្មរណ៍ និងធ្វើការតាមដានជាខ្លាំងទៅលើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរី ថានឹងអាចផុសឡើងនាពេលខាងមុខ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចជ្រើសរើសសម្ព័ន្ធក្រុមហ៊ុន ហ្វូខឹស ដែលដឹកនាំដោយក្រុមហ៊ុន ហ្វូខឹស ត្រេន គ្លូប៊ល វេនឈ័រ ឯ.ក និងផ្តល់សិទ្ធសិក្សានិងវិនិយោគលើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់ ធ្វើអាជីវកម្ម ផ្ទេរ(BOT) និងការអភិវឌ្ឍទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាសនៅខេត្តមណ្ឌលគិរី ។
ឧកញ៉ា ឆាយ ស៊ីវលីន មានប្រសាសន៍ចាត់ទុកថា «ដំណឹងនេះបានធ្វើឱ្យវិស័យឯកជនមានការសាទរខ្លាំងមែនទែន ដោយសារតែយើងចង់បានឱ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ សម្រាប់ការធ្វើដំណើរគ្រប់មធ្យោបាយ សម្រាប់ទាក់ទាញទៅដល់ការវិនិយោគនិងភ្ញៀវទេសចរ បង្កើតជាជម្រើសដល់ភ្ញៀវទេសចរនៅពេលណាដែលគេមិនចង់ចំណាយច្រើន ធ្វើដំណើរតាមរថយន្ត»។
បើតាមប្រធានសមាគមទេសចរណ៍កម្ពុជា បើគម្រោងសិក្សាខាងលើទទួលបានជោគជ័យ គម្រោងនេះក្រៅពីចូលរួមផ្តល់ការងារធ្វើពលរដ្ឋ, ខេត្តមណ្ឌលគិរីនាំមកនូវការរីកចម្រើនដល់វិស័យផ្សេងទៀតនៅពេលមានការដឹកជញ្ជូនតាមផ្លូវអាកាស។
ឧកញ៉ា ឆាយ ស៊ីវលីន សង្កត់ធ្ងន់ថា «ក្នុងនាមខ្ញុំជាអ្នកតាក់តែងនៅខ្សែទស្សនៈកិច្ចឱ្យភ្ញៀវទេសចរនេះ គឺយើងតែងតែទន្ទឹងរងចាំនៅការកសាងអាកាសយានដ្ឋានមណ្ឌលគិរីនេះមានការផុសឡើង ដើម្បីយើងបានធ្វើការផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរ ។ប្រសិនបើជាគម្រោងនេះ អាចក្លាយជាការពិតវានឹងចូលរួមចំណែកយ៉ាងច្រើននៅក្នុងសេដ្ឋកិច្ចជាតិ ហើយខេត្តមណ្ឌលគិរីនឹងត្រូវចាត់ទុកមជ្ឈមណ្ឌលពហុបំណងផង មិនតែវិស័យទេសចរណ៍នោះទេវានិងធ្វើចលនាលំហូរមុខទំនិញនានាកើតឡើង ស្របពេលខេត្តមួយនេះក៏មានសក្តានុពលលើវិស័យកសិកម្ម»។
ឧកញ៉ាលើកឡើងថា ខេត្តមណ្ឌលគិរី មានទេសភាពស្រស់ស្អាត ហើយអ្វីដែលកាន់តែល្អទៀតនោះមានអាកាសធាតុល្អ ហើយប្រជាពលរដ្ឋក្នុងស្រុកតែងតែចង់ទៅកម្សាន្ត តែដោយសារចំណាយពេលធ្វើដំណើរយូរ ធ្វើឱ្យពលរដ្ឋភាគច្រើនត្រូវបានខកខាន ។ប៉ុន្តែបើប្រជាពលរដ្ឋមានជម្រើសរើស តាមផ្លូវអាកាសបាន នឹងផ្តល់ឱកាសដល់ពលរដ្ឋទៅកម្សាន្តគ្រប់ៗគ្នា។
ឧកញ៉ា បន្តថា« យើងកំពុងតែតាមដានមើលអំពីការវិវត្តន៍របស់គម្រោងសិក្សានេះ ហើយយើងមានការរំពឹងខ្ពស់។បើសិនជោគជ័យសម្រាប់វិស័យទេសចរណ៍មានភាពខ្លំាងបន្ថែមទៀត ហើយផ្អែកទៅលើអាកាសធាតុល្អរបស់ខេត្តមណ្ឌលគិរី ក្នុងពេលបច្ចុប្បន្ន អាចទាក់ទាញបាននៅភ្ញៀវលំដាប់ខ្ពស់គ្រប់ជាតិសាស្ត្រចាប់អារម្មណ៍ និងចំណាយប្រាក់ទៅកម្សាន្តច្រើន ហើយចង់វិនិយោគ បើសិនគម្រោងអាកាសយាន្តនេះកើតមានឡើង»៕ តាកែវ