ការលក់រថយន្តនៅម៉ាឡេស៊ី មានការកើនឡើងខ្លាំងដល់ចំនួនជិត ៨០ម៉ឺនគ្រឿងនៅឆ្នាំ២០២៣

អន្តរជាតិ

ការលក់រថយន្តថ្មីៗនៅប្រទេសម៉ាឡេស៊ី បានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៧៩៩ ៧៣១គ្រឿងនៅឆ្នាំ២០២៣ ចំពេលដែលសេដ្ឋកិច្ចក្នុងស្រុកកំពុងមានភាពល្អប្រសើរ បរិយាកាសសង្គម និងនយោបាយក៏មានស្ថិរភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមយានយន្តម៉ាឡេស៊ី (MAA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៦ ខែមករាថា បរិមាណឧស្សាហកម្មសរុប (TIV) បានកើនឡើង១១% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈចំនួននេះលើសពីការសម្រេចបានការលក់រថយន្តចំនួន ៧២១ ១៧៧គ្រឿងកាលពីក្នុងឆ្នាំ២០២២ ។

យោងតាមរបាយការណ៍របស់ MAA បានបង្ហាញថា ប្រតិបត្តិការនៃការលក់បានយ៉ាងល្អកាលពីឆ្នាំ២០២៣ ក៏សុទ្ធសឹងតែមានការរួមចំណែកពីកត្តាធំៗមួយចំនួនដូចជា ការកក់រថយន្តដោយពុំចាំបាច់បង់ពន្ធ សេដ្ឋកិច្ចក្នុងស្រុកមានភាពល្អប្រសើរ ការចេញលក់នូវម៉ូឌែលរថយន្តថ្មីៗ ក៏ដូចជាការពង្រឹងសង្វាក់ផ្គត់ផ្គង់នៅក្នុងស្រុកជាដើម។

ទន្ទឹមនឹងនេះ ផលិតកម្មឧស្សាហកម្មសរុប (TIP) នៃយានជំនិះថ្មីក្នុងឆ្នាំ២០២៣ បានកើនឡើង១០% ដល់ចំនួនសរុប ៧៧៤ ៦០០គ្រឿង បើធៀបនឹង ៧០២ ២៧៥គ្រឿងកាលពីក្នុងឆ្នាំ២០២២ ៕