ចំនួនប្រជាជនចិនបន្តធ្លាក់ចុះជាលំដាប់ បង្កជាហានិភ័យដល់រដ្ឋាភិបាល

អន្តរជាតិ

ចំនួនប្រជាជននៃប្រទេសចិន បានបន្តធ្លាក់ចុះជាខ្លាំងរយៈពេល ២ឆ្នាំផ្ទួនៗ ដោយសារអត្រាមរណភាព បណ្ដាលពីជំងឺរាតត្បាតកូវីដ១៩ និងភាពខ្លាចរអាក្នុងការយកកូន គឺកំពុងធ្វើឲ្យរដ្ឋាភិបាលឈឺក្បាលជាខ្លាំង ដ្បិតវាប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការរបាយការណ៍ពីការិយាល័យស្ថិតិជាតិ បានបង្ហាញថា ចំនួនប្រជាជនសរុបរបស់​ប្រទេសចិនបានថយចុះរហូតដល់ ២,៧៥លាននាក់ មកនៅត្រឹម ១,៤០៩ពាន់លាននាក់ប៉ុណ្ណោះ កាលពីឆ្នាំ២០២៣ ដែលវាជាការថយចុះលឿនបំផុតមួយ តាំងពីជំនាន់លោក ម៉ៅ សេទុង នៅកាន់អំណាចក្នុងឆ្នាំ១៩៦១។

ប្រទេសចិនបានជួបវិបត្តិអត្រាកំណើតទាប អស់រយៈពេលជាច្រើនទសវត្ស បន្ទាប់ពីដាក់ចេញនូវគោលនយោយបាយ គ្រួសារមួយកូនមួយ ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ ដែលធ្វើឲ្យរដ្ឋាភិបាលកំពុងមានការព្រួយបារម្ភ ដ្បិតវាគឺជាកត្តារាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ។

ទិន្នន័យនៃការថយចុះនេះផងដែរ បានបន្ថែមការព្រួយបារម្ភមួយកម្រិតទៀតដល់រដ្ឋាភិបាល ព្រោះថាកំណើនប្រជាជនថយចុះ អាចបណ្ដាលឲ្យកំណើនសេដ្ឋកិច្ចក៏រាំងស្ទះដូចគ្នា ស្របពេលកំណើនប្រជាជនចាស់ជរាមានច្រើន ធ្វើឲ្យរដ្ឋាភិបាលត្រូវចំណាយលុយលើការថែទាំ និងផ្ដល់អត្ថប្រយោជន៍ចំពោះមនុស្សចាស់ដែលចូលនិវត្ត។

រំលឹកបន្តិចថា កាលពីឆ្នាំ២០២៣ អង្គការសហប្រជាជាតិក៏បានបញ្ចេញរបាយការណ៍ថា ឥណ្ឌាបានវ៉ាដាច់ចិន ក្លាយជាប្រទេសមានចំនួនប្រជាជនច្រើនបំផុតលើលោក និងបានព្យាករទុកថា ចំនួនប្រជាជនចិននឹងបន្តធ្លាក់ចុះរហូតដល់ ១០៩លាននាក់ នៅក្នុងឆ្នាំ២០៥០ ថែមទៀត៕