គោលនយោបាយចែកលុយឌីជីថលជាង ១៤ពាន់លានដុល្លារ របស់រដ្ឋាភិបាលថៃ ត្រូវបានពន្យារពេលសារជាថ្មី បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក Srettha Thavisin ធ្លាប់ប្រកាសក្ដែងៗថា នឹងចាប់ផ្ដើមអនុវត្តពីខែឧសភាតទៅ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា គម្រោងចែកលុយឌីជីថលរបស់លោក Srettha ដំបូងឡើយត្រូវចាប់ផ្ដើមពីខែកុម្ភៈ ហើយត្រូវពន្យារពេលដល់ខែឧសភា ដោយសារចរចាជាមួយរដ្ឋសភាមិនត្រូវគ្នា ខណៈសារនេះ នៅមិនទាន់ដឹងថាត្រូវពន្យារពេលដល់ខែណាឡើយ។
ដំណឹងនៃការពន្យារពេលលើកនេះ កើតឡើងក្រោយរដ្ឋាភិបាល និងធនាគារកណ្ដាល មិនឯកភាពលើការផ្ដល់កម្ចី ចំពោះការអនុវត្តផែនការមួយនេះ ក្រោមហេតុផលបារម្ភពីវិបត្តិអតិផរណានៅប្រទេសថៃ។
រំលឹកបន្តិចថា គោលនយោបាយចែកលុយ ១ម៉ឺនបាត សម្រាប់មនុស្ស ៥០លាននាក់របស់នាយករដ្ឋមន្ត្រីថៃ បង្កើតឡើងក្នុងគោលបំណងពន្លឿនកំណើនសេដ្ឋកិច្ចនៅក្នុងស្រុក ជាមួយគោលដៅជាមធ្យម បង្កើនកំណើនសេដ្ឋកិច្ចឲ្យបាន ៥% ក្នុងរយៈពេល ៤ឆ្នាំខាងមុខ៕