ក្រុមហ៊ុន Orange Group របស់ប្រទេសបារាំង បង្ហាញបំណងចង់វិនិយោគលើការអភិវឌ្ឍការតភ្ជាប់ផ្នែកបច្ចេកវិទ្យាកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងទៀតលើពិភពលោក ខណៈ Orange បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនក្នុងស្រុក ហើយបច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងព្យាយាមពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ 5G ឱ្យមានប្រសិទ្ធភាពខ្ពស់ មានគុណភាពល្អ និងកាត់បន្ថយចំណាយលើការប្រើប្រាស់។
នៅចំពោះមុខមេដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group បានគូសបញ្ជាក់ថា ក្រុមហ៊ុន Orange Group ចាប់អារម្មណ៍លើការពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត តាមរយៈខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅបណ្តាប្រទេសនានា។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុម Wholesale International Group នៅទីក្រុងបារីស ប្រទេសបារាំង សម្តេចធិបតី បានបង្ហាញក្តីរីករាយចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានស្នើដល់ក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូសហការ ដែលមានស្រាប់ និងបន្តកិច្ចពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងព័ត៌មាន៕