​រដ្ឋាភិបាលថៃ គ្រោងចាត់​វិធានការ​ជា​អាទិភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ធ្លាក់​ចុះ​អត្រា​កំណើត

អន្តរជាតិ

រដ្ឋាភិបាលថៃ ថ្មីៗនេះគ្រោងនឹងដាក់ចេញវិធានការជាអាទិភាពមួយ ទៅក្នុងរបៀបវារ:ថ្នាក់ជាតិ ក្នុងការដោះស្រាយការធ្លាក់ចុះនៃអត្រាកំណើតក្នុងប្រទេសរបស់ខ្លួន ខណ:ដែលបានធ្វើឲ្យប្រទេសក្នុងតំបន់អាស៊ានមួយនេះ កំពុងប្រឈមមុខជាមួយនឹងសង្គមវ័យចាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Cholnan Srikaew បានទទួលស្គាល់ថាអត្រាកំណើតទាប នឹងត្រូវការពេលវេលាច្រើនដើម្បីដោះស្រាយ ដោយវិធានការថ្មីនេះ នឹងត្រូវដាក់ស្នើជូនទៅកាន់នាយករដ្ឋមន្ត្រី ដើម្បីបញ្ចូលវាជារបៀបវារៈថ្នាក់ជាតិ។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលនឹងធ្វើការដោះស្រាយបញ្ហានេះភ្លាមៗ ព្រោះវាអាចនឹងមានផលប៉ះពាល់យ៉ាងទូលំទូលាយដល់សេដ្ឋកិច្ច សង្គម និងវិស័យសុខភាពក្នុងប្រទេស។

យោងតាមអ្នកជំនាញ បានបង្ហាញឲ្យដឹងថា ប្រសិនបើនិន្នាការនៃអត្រាកំណើតទាបនាពេលបច្ចុប្បន្ននៅតែបន្ត នោះប្រជាជនថៃនឹងធ្លាក់ចុះមកនៅត្រឹមប្រហែល ៣៣ លាននាក់ ក្នុងរយៈពេល ៦ ទសវត្សរ៍ខាងមុខ ដោយក្នុងនោះមនុស្សវ័យចាស់មានប្រហែល ១៨ លាននាក់ មនុស្សពេញវ័យក្នុងវ័យធ្វើការមាន ១៤ លាននាក់ និងមនុស្សមានអាយុចន្លោះពី ០-១៤ ឆ្នាំ មានត្រឹមតែ ១ លាននាក់ប៉ុណ្ណោះ។

លោក Cholnan បានសង្កត់ធ្ងន់ទៀតថា ក្រៅពីផ្តោតលើការបង្កើនអត្រាកំណើតក្នុងប្រទេស រដ្ឋាភិបាលក៏នឹងផ្តោតលើគុណភាពនៃការអភិវឌ្ឍមនុស្ស និងធនធានមនុស្សផងដែរ ស្របពេលជាមួយគ្នានេះផែនការរបស់រដ្ឋាភិបាលដែលមានគោលបំណងជំរុញអត្រាមានកូន និងការវិនិយោគបន្ថែមលើការអភិវឌ្ឍធនធានមនុស្ស ក៏កំពុងត្រូវបានពិចារណាផងដែរ។ ហើយនៅពេលដែលវាត្រូវបានអនុម័ត នោះផែនការថ្មីនេះ នឹងត្រូវចេញផ្សាយជាផ្លូវការជាផ្នែកមួយនៃរបៀបវារៈថ្នាក់ជាតិ៕