អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ ១,៧០០លានដុល្លារ នឹងផ្តល់ផលប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចកម្ពុជា ហើយមិនត្រឹមតែវិស័យដឹកជញ្ជូននោះទេ វិស័យសំខាន់ៗមួយចំនួនធំទៀត ក៏នឹងទទួលផលដូចគ្នា។
ថ្លែងប្រាប់ Oknha News នៅព្រលប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ អ្នកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ មានសារៈសំខាន់ណាស់សម្រាប់ផ្លូវទឹកកម្ពុជា ជាពិសេសផ្លូវទន្លេ ចេញពីក្នុងប្រទេសយើងទៅតែម្តង ដែលជាការតភ្ជាប់មួយពីទន្លេទៅកាន់សមុទ្រដោយឯករាជ្យភាពរបស់យើង ជៀសវាងការឆ្លងកាត់បណ្តាប្រទេសជិតខាងដែលធ្វើឱ្យមានការលំបាក ចំណាយទាំងពេលវេលា និងថវិកាច្រើន កន្លងមកនេះ។ ដូច្នេះបើយើងមានព្រែកជីកនេះ នឹងក្លាយទៅជាការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវទន្លេ ដោយឯករាជ្យភាពរបស់យើង។
អ្នកឧកញ៉ា បន្ថែមដូច្នេះថា៖ “ខ្ញុំគិតថា ព្រែកជីកនេះនឹងផ្តល់ផលប្រយោជន៍ច្រើន មិនត្រឹមតែវិស័យដឹកជញ្ជូននោះទេ ក្នុងនោះក៏នឹងមានចរាចរលើវិស័យទេសចរណ៍ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងក្លាយជាប្រភពទឹកដ៏សំខាន់ ដែលអាចស្រោចស្រពផលិតផលកសិកម្មរបស់យើងគ្រប់ប្រភេទនៅតាមផ្លូវអមព្រែកជីកនេះផងដែរ។ បន្ថែមពីនេះ យើងឃើញថា ព្រែកជីកនេះនឹងមានអមដោយផ្លូវមេសងខាងទៀត មានន័យថាមានទាំងផ្លូវទឹកនិងផ្លូវគោក ដូច្នេះវានឹងបម្រើឱ្យស្ទើរគ្រប់វិស័យ ទាំងការដឹកជញ្ជូនផ្លូវគោកនិងផ្លូវទឹក ក្លាយជាតំបន់ទេសចរណ៍ កសិទេសចរណ៍ ក៏ដូចជាតំបន់ផលិតកសិកម្មខួបប្រាំងខួបវស្សា ព្រោះយើងមានប្រភពទឹកអាចផ្គត់ផ្គង់បាន។ ខ្ញុំគិតថា នេះជាផលប្រយោជន៍ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ហើយនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិយើងមួយកម្រិតទៀត”។
តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថាគម្រោង «ព្រែកជីកហ្វូណនតេជោ» និងជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា៖ “យើងនឹងមានគម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ”។
គម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចាត់ទុកថាជាគម្រោងដែលទាញសមុទ្រឱ្យជាប់ទន្លេ ហើយបន្ទាប់ពីគម្រោងលេចចេញជារូបរាងឡើងរួចរាល់ នឹងជួយបង្កើនលទ្ធភាពក្នុងការដឹកជញ្ជូន ពីខេត្តដែលជាប់ដងទន្លេសាប ជាប់ដងទន្លេមេគង្គ ចុះទៅសមុទ្របានកាន់តែលឿន ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេនឹងកាន់តែរីកចម្រើនផងដែរ។
បើតាមគម្រោង «ផ្លូវទឹកព្រែកជីកហ្វូណនតេជោ» មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។
សូមជម្រាបថា គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀត។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងប្រើរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ ហើយនឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ៕