ក្រុមហ៊ុនសិង្ហបុរី Temasek Holdings សំឡឹងឃើញកម្ពុជាជាទិសដៅវិនិយោគដ៏ចម្បងក្នុងតំបន់អាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនឈានមុខរបស់សិង្ហបុរី Temasek Holdings ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោកលើវិស័យហិរញ្ញវត្ថុ, ដឹកជញ្ជូន, ទូរគមនាគមន៍, បច្ចេកវិទ្យា, ការផ្សព្វផ្សាយ និងអចលនទ្រព្យ បានមើលឃើញកម្ពុជាជាគោលដៅវិនិយោគដ៏សំខាន់នៅក្នុងតំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃទី១៧ ខែមករា ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោក Lim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings បានគូសបញ្ជាក់ថា ក្រុមហ៊ុនមានគោលដៅពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ដែលក្នុងនោះកម្ពុជាក៏ជាគោលដៅអាទិភាពមួយដែរ។ 

ជាមួយគ្នានេះ ប្រធានក្រុមហ៊ុនដែលមានមូលដ្ឋាននៅសិង្ហបុរីមួយនេះ ក៏បានបង្ហាញអំពីបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាលើបច្ចេកវិទ្យាឌីជីថល វិស័យថាមពលកកើតឡើងវិញ និងវិស័យសំខាន់ៗមួយចំនួនទៀត។ 

នៅក្នុងជំនួបនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះក្រុមហ៊ុន Temasek Holdings ដែលមានចំណាប់អារម្មណ៍និងបំណងក្នុងការវិនិយោគនៅកម្ពុជា ហើយសម្ដេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរាជរដ្ឋាភិបាល អាណត្តិទី៧ គឺយកចិត្តទុកដាក់ និងបង្កើតបរិស្ថានគាំទ្ររឹងមាំសម្រាប់ការវិនិយោគលើគ្រប់វិស័យ ប្រកបដោយចីរភាពនៅកម្ពុជា ហើយកម្ពុជាបានបើកចំហសម្រាប់វិនិយោគិនមកពីគ្រប់ប្រទេសទាំងអស់។

លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការថ្មីៗ ដើម្បីលើកកម្ពស់ គាំពារ និងលើកទឹកចិត្តដល់វិនិយោគិនបរទេស ក្នុងនោះសម្ដេចបានបញ្ជាក់ពីការវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មដោយផ្ដោតលើឧស្សហកម្មជាក់លាក់ ឬភាពជាក់ស្ដែងនៃប្រទេសនីមួយៗ៕