ឧកញ៉ា ងួន ម៉េងតិច ជួបជាមួយសភាពាណិជ្ជកម្មបារាំង ស្វែងរកឱកាសដល់វិស័យឯកជនមកវិនិយោគរួមគ្នានៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ក្នុងឱកាស នៃការអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅទីក្រុងប៉ារីស ប្រទេសបារាំង ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សា ការងារជាមួយសភាពាណិជ្ជកម្មបារាំង ពិនិត្យ និងស្វែងរកឱកាសដល់វិស័យឯកជន នៃប្រទេសទាំងពីរ វិនិយោគរួមគ្នានៅកម្ពុជា នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតក្នុងជំនួបនោះ លោកឧកញ៉ា បានបង្ហាញពីសក្តានុពល និងកាលានុវត្តភាពដ៏ទូលំទំលាយរបស់កម្ពុជា និងបានបញ្ជាក់ ពីសេដ្ឋកិច្ចកម្ពុជា កំពុងលូតលាស់ទៅមុខ ដោយសារកម្លាំងពលកម្មវ័យក្មេង ប្រកបដោយថាមពល ទីតាំងភូមិសាស្ត្រ យុទ្ធសាស្ត្រនៅអាស៊ាន និងការប្តេជ្ញាក្នុងការបង្កើតបរិយាសកាសល្អប្រសើរ សម្រាប់ធុរកិច្ច។ ក្នុងនោះ លោកឧកញ៉ា ក៏បញ្ជាក់ពីទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ប្រកបដោយឆន្ទៈខ្ពស់ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ។ ឧកញ៉ា ងួន ម៉េងតិច ក៏បានបង្ហាញឆន្ទៈក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ និងស្វាគមន៍ចំពោះសភាពាណិជ្ជកម្មបារាំង ដើម្បីសិក្សាស្វែងយល់បន្ថែមពីកម្ពុជា និងឱកាសវិនិយោគផងដែរ។

ជាមួយគ្នានោះ លោក ព្យា ម៉ុងហ្គេ អគ្គនាយករងសភាពាណិជ្ជកម្មបារាំង បានមានប្រសាសន៍ស្វាគមន៍ ចំពោះសភាពាណិជ្ជកម្មកម្ពុជា ដែលបានចំណាយពេលវេលានៅក្នុងការជួបពិភាក្សា។ លោកក៏បានបង្ហាញពីការងារទូទៅរបស់សភាណិជ្ជកម្មបារាំង ដែលមានទាំងការរៀបចំជំនួបពាណិជ្ជកម្ម ការទស្សនកិច្ចពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងច្បាប់សហគ្រាសពាណិជ្ជ នៅប្រទេសបារាំង ហើយសភាពាណិជ្ជកម្មបារាំងរីករាយ ស្វាគមន៍ជានិច្ចសម្រាប់កម្ពុជា ប្រសិនមានបំណងស្វែងរក ដៃគូរពាណិជ្ជកម្ម ឬចង់រៀបចំទស្សនកិច្ចមកបារាំង។

ភាគីទាំងពីរក៏បានពិភាក្សាទៅលើវិស័យជាច្រើនទៀតផងដែរ ដូចជាវិស័យអប់រំរបស់បារាំង និងវិស័យសុខាភិបាល ខណៈបារាំងជាប្រទេសមួយផលិតឱសថ។ សម្រាប់វិស័យអប់រំ ឧកញ៉ា ងួន ម៉េងតិច ថាមិនសូវមានសាលាអន្តរជាតិបារាំងនៅកម្ពុជា ហើយលោកឧកញ៉ា លើកទឹកចិត្តដល់វិនិយោគិនបារាំងមកវិនិយោគនៅកម្ពុជា។ សម្រាប់វិស័យឧស្សាហកម្មកែច្នៃ សភាពាណិជ្ជកម្មកម្ពុជា ក៏ជំរុញឱ្យមានការវិនិយោគនៅកម្ពុជារួចនាំចេញទៅបារាំង។

ទន្ទឹមនឹងនោះ សភាពាណិជ្ជកម្មកម្ពុជា ក៏បានអញ្ជើញសភាពាណិជ្ជកម្មបារាំងដឹកនាំប្រតិភូទៅពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា​ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅពេលខាងមុខ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជាក៏បានសហការជាមួយសហព័ន្ធនិយោជកបារាំង (MEDEF) សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា និង ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំង រៀបចំដោយវេទិការធុរកិច្ចកម្ពុជា-បារាំង ដើម្បីជំរុញវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស តភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ចផងដែរ៕

អត្ថបទ៖ សុកធា